(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ច្បាប់ស្ដីពីការប្រកួតប្រជែង នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការធ្វើពាណិជ្ជកម្ម ការលើកកម្ពស់ទីលានប្រកួតប្រជែងដោយស្មើភាព ការបង្កើតធុរកិច្ចថ្មីៗ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ស្របតាមការវិវត្តន៍បច្ចេកវិទ្យា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបម្រែបម្រួលបរិយាកាសធុរកិច្ច។
ការលើកឡើងបែបនេះ របស់លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ធ្វើឡើងក្នុងឱកាសលោក អញ្ជើញចូលរួមក្នុងកម្មវិធី បើកនៃសន្និសីទអាស៊ានស្តីពី ការប្រកួតប្រជែងលើកទី៨ក្រោមប្រធានបទ «ការឈានទៅរកគោលដៅ និងការដោះស្រាយបញ្ហាប្រឈម» និងសហការរៀបចំដោយអគ្គនាយកដ្ឋាន កាំកុងត្រូលនៃ ក្រសួងពាណិជ្ជកម្ម, លេខាធិការដ្ឋានអាស៊ាន និងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង (GIZ)។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅក្នុងផែនការសកម្មភាព របស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០០៧ (AEC Blueprint 2007) ប្រទេសសមាជិកអាស៊ានទាំងអស់ បានប្ដេជ្ញាចិត្តក្នុងការរៀបចំឱ្យ មានច្បាប់ប្រកួតប្រជែងរបស់ខ្លួន ហើយមកទល់ពេលនេះ មានតែកម្ពុជាប៉ុណ្ណោះ ដែលមិនទាន់មានច្បាប់ប្រកួតប្រជែងនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រសួងពាណិជ្ជកម្មសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការប្រកួតប្រជែងនេះ នឹងត្រូវបានអនុម័តជាស្ថាពរនាដើមឆ្នាំ២០២០ ឱ្យស្របជាមួយនឹងបណ្តាប្រទេស ជាសមាជិកអាស៊ានដ៏ទៃទៀត។
លោកបានបន្ដថា ក្រសួងពាណិជ្ជកម្មសម្រេចបានការអនុម័តពី រដ្ឋសភានិងព្រឹទ្ធសភាលើច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ហើយបើរួមជាមួយច្បាប់ស្តីពី ការប្រកួតប្រជែងដែលនឹងត្រូវអនុម័តនាពេលខាងមុខ ច្បាប់ទាំងនោះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការធ្វើពាណិជ្ជកម្ម ការលើកកម្ពស់ទីលានប្រកួតប្រជែងដោយស្មើភាព ការបង្កើតធុរកិច្ចថ្មីៗ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ស្របតាមការវិវត្តន៍បច្ចេកវិទ្យា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបម្រែបម្រួលបរិយាកាសធុរកិច្ច ដែលកំពុងកើនឡើងឥតឈប់ឈរ។ លើសពីនោះ ច្បាប់និងគោលនយោបាយប្រកួតប្រជែង ជាកត្តាសំខាន់មួយក្នុងការទាក់ទាញវិនិយោគិនបរទេសមកវិនិយោគក្នុងប្រទេស ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់នូវទំនិញ និងសេវាដែលមានជម្រើសច្រើនគុណភាពខ្ពស់ និងតម្លៃទាបនោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និងការច្នៃប្រឌិតដែលជាធាតុមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ទាក់ទងនឹងការអនុវត្តនាពេលអនាគតលោក រដ្ឋមន្ត្រីយល់ឃើញបញ្ហាមួយចំនួន ដែលទាមទាឱ្យមានការចែករំលែកបទពិសោធន៍ និងចំណេះដឹងរវាងស្ថាប័នប្រកួតប្រជែងថ្មី និងស្ថាប័នប្រកួតប្រជែងដែលមានស្រាប់ និងមានភាពចាស់ទុំ។ បញ្ហាថ្មីៗទាំងនោះ គឺពាក់ព័ន្ធដល់ការប្រកួតប្រជែង ដែលអាចកើតមានឡើងក្នុងសេដ្ឋកិច្ចឌីជីថល ដោយសារការអភិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលទម្រង់នៃការធ្វើធុរកិច្ចថ្មីៗ ត្រូវបានបង្កើតឡើង ដើម្បីប្រកួតប្រជែងគ្នារវាងក្រុមហ៊ុននៅក្នុងទីផ្សារដែលជាសញ្ញាណថ្មី ដល់ស្ថាប័នអនុវត្តច្បាប់ប្រកួតប្រជែង ដើម្បីធានាថាមានការប្រកួតប្រជែងដោយស្មើភាព ទោះស្ថិតនៅក្នុងទម្រង់ប្រភេទណាក៏ដោយ ទាំងក្នុងទីផ្សារជាក់ស្តែង និងទីផ្សារអនឡាញ។
លោក ប៉ាន សូរស័ក្ដិ បានបន្ដទៀតថា ក្នុងបរិបទនេះការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងការស៊ើបអង្កេត ដើម្បីស្វែងរកបទល្មើសក្រោមច្បាប់ស្តីពី ការប្រកួតប្រជែងរវាងស្ថាប័នប្រកួតប្រជែង គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលទាំងនោះផងដែរជាកម្មវត្ថុនៃសន្និសីទនេះ។
លោករដ្ឋមន្ត្រីបាន ដោយលើកទឹកចិត្តឱ្យស្ថាប័នប្រកួតប្រជែងទាំងអស់ ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងជួយគ្នាទៅវិញទៅមក ទាំងផ្នែកបច្ចេកទេស ចំណេះដឹង និងការចែករំលែកព័ត៌មាន ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដែលរារាំង រិតត្បិត និងបង្ខូចដល់ការប្រកួតប្រជែង ទាំងក្នុងប្រទេសនិងតំបន់ គឺថា «មានតែកិច្ចសហការ និងការជួយគ្នាទៅវិញទៅមក ទើបអាចសម្រេចបាននូវគោលដៅ ជម្នះបាននូវឧបសគ្គ ក៏ដូចជាបញ្ហាប្រឈមនានា សម្រាប់ការរីកចំរើនទាំងអស់គ្នា តាមរយៈការជំរុញបរិយាកាសប្រកួតប្រជែងផ្នែកធុរកិច្ចនៅក្នុងតំបន់»។
លោក ម៉ៃឃើល ថេនេ អគ្គលេខាធិការរងអាស៊ាន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ ក្នុងតំបន់លើការងារប្រកួតប្រជែង។ អគ្គលេខាធិការរង បានជម្រាបជូនអង្គសន្និសីទថា ការអនុវត្តគោលនយោបាយប្រកួតប្រជែង នឹងលើកកម្ពស់នវានុវត្តន៍ និងការចូលរួមនៃផលិតកម្ម ក្នុងតំបន់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល ហើយដើម្បីសម្រេចបានគោលដៅទាំងនោះ ក្រុមការងារមួយហៅថា ក្រុមជំនាញការកិច្ចការប្រកួតប្រជែងអាស៊ាន (ASEAN Experts Group on Competition - AEGC) ត្រូវបានបង្កើតឡើង។ ជាមួយនោះដែរ ក្រុមការងារនេះ ក៏ទទួលខុសត្រូវលើការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រចំនួន៤ទៀតគឺ ការពង្រឹងបរិយាកាសច្បាប់ប្រកួតប្រជែងនៅអាស៊ាន ការអភិវឌ្ឍសមត្ថភាពស្ថាប័នប្រកួតប្រជែង កិច្ចសហប្រតិបត្តិការឆ្លងព្រំដែនរវាងស្ថាប័នប្រកួតប្រជែង និងការធ្វើសុខដុមនីយកម្មច្បាប់ប្រកួតប្រជែងនៅអាស៊ាន៕