(ស្វាយរៀង)៖ ប្រជាពលរដ្ឋគណៈកម្មការអាចារ្យវត្តតាពៅ រួមទាំងព្រះសង្ឃបានបិទផ្លូវមិនឱ្យរថយន្តដឹកដីធ្វើចរាចរណ៍ ដើម្បីឱ្យអាជ្ញាធរដោះស្រាយរឿង ក្រុមហ៊ុនដឹកដីបំផ្លាញផ្លូវសាធារណៈជាង ៦គីឡូម៉ែត្រ នៅក្នុងភូមិចំនួន០៤ គឺភូមិប្រសប់ល័ក្ខ ភូមិប្រាសាទសង្កាត់បាទី និងភូមិច្រកលាវ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។
រថយន្តដឹកដីទាំងនេះ បានបណ្តាលឱ្យខូចផ្លូវក្លាយជារណ្តៅ និងភក់ល្បាប់ពិបាកក្នុងការធ្វើដំណើរ ជាពិសេសសិស្សានុសិស្ស ធ្វើដំណើរទៅសាលារៀន និងពេលមានសមជិកគ្រួសារមានជម្ងឺ ឬឆ្លងទន្លេនៅពេលយប់ក៏ពិបាកណាស់ដែរ។
ការតវ៉ានេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខាងមុខក្លោងទ្វាវត្តតាពៅ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោក អ៊ឹង អ៊ីម អាយុ៥៧ឆ្នាំ ជាគណៈកម្មការអាចារ្យវត្តតាពៅ នៅភូមិច្រលាវ សង្កាត់បាវិត ក្រុងបាវិត បានឱ្យដឹងថា ប្រជាពលរដ្ឋ គណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃបាននាំគ្នាបិទផ្លូវនេះ ដោយមានរថយន្តដឹកដីរាប់សិបគ្រឿង ដឹកដីធ្វើចរាចរណ៍បណ្តាលឱ្យខូចផ្លូវប្រវែង ០៦គីឡូម៉ែត្រ ក្លាយជារណ្តៅ និងល្បាប់រអឹលខ្លាំងមិនអាចធ្វើដំណើរ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ជាពិសិស្សសិស្សានុសិស្សពិបាក ធ្វើដំណើរទៅសាលារៀន និងពេលមានក្រុមគ្រួសារមានជំងឺ ឬស្ត្រីឆ្លងទន្លេនៅពេលយប់ ដើម្បីសង្គ្រោះបន្ទាន់។
កន្លងមកប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងទៅលោកចៅសង្កាត់ និងលោកអភិបាលក្រុងបាវិត ឱ្យដោះស្រាយតែពុំឃើញ មានអាជ្ញាធរណា អើពើឡើយពួកគាត់គ្មានជម្រើសទើបនាំគ្នា មកដាក់បារាស់បិទផ្លូវមិនឱ្យរថយន្តដឹកដីបើកលើផ្លូវនេះ តទៅទៀត និងតវ៉ាដើម្បីឱ្យអាជ្ញាធរចេញមកដោះស្រាយ។
ទាក់ទិនករណីបិទផ្លូវនេះដែរ លោក សាញ់ សាខុន ចៅសង្កាត់បាវិត បានឱ្យដឹងថា ពិតជាមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋមែន ក៏ប៉ុន្តែសង្កាត់គ្មានលទ្ធភាពដោះស្រាយក៏បញ្ជូនទៅឱ្យលោក សេង សិលា អតីតអភិបាលក្រុងបាវិត ដោះស្រាយ ក៏ប៉ុន្តែពុំទាន់ទទួលលទ្ធផល ធ្វើឱ្យប៉ះពាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពិតប្រាកដមែន។
បើតាមលោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង បានឱ្យដឹងថា មាន០៣ក្រុមហ៊ុន ដែលដឹកដីធ្វើចរាចរណ៍ ឱ្យខូចផ្លូវ០៦គីឡូម៉ែត្រនេះ ក៏ប៉ុន្តែលោកមិនបានចាំថាក្រុមហ៊ុនអ្វីខ្លះទេ ដោយលោកនៅតាមផ្លូវ ចាំលោកទៅបើកបញ្ជីមើលសិន។ ក្នុងនោះ មានក្រុមហ៊ុនសេកពីរ កំពុងធ្វើសកម្មភាពជីកស្រះយកអាចម៌ដីដឹកចេញទៅចាក់លើកជាដីលំនៅឋាន ឬដីសាងសង់នៅក្រុងបាវិត។
ទាក់ទិនករណីនេះដែរ លោក ឡុង ញឿន មេការក្រុមហ៊ុនសេកពីរ បានឆ្លើយតាមទូរស័ព្ទថា ក្រុមហ៊ុនសេកពីរ បានទិញដីទំហំ ១ហិកតា គឺមានអាជ្ញាប័ន ថ្នាក់ខេត្ត ហើយការជីកដីតាមកំណត់នៃច្បាប់ របស់ក្រសួងរ៉ែ និងថាមពល គឺទុកចំណីស្រះជុំវិញ ០៥ម៉ែត្រ ជម្រៅលោកមិនបានដឹងទេចាំសួរទៅថៅកែ។
ចំណែកប្រជាពលរដ្ឋ ម្ចាស់ដីស្រែជាប់រណ្តៅដី ក្រុមហ៊ុនសេកពីរ បានបង្ហាញការព្រួយបារម្មណ៍ថា ក្រុមហ៊ុនជីករណ្តៅដី គឺទុកចំណីច្រាំងរណ្តៅដីតែ២ ទៅ៣ម៉ែត្រប៉ុណ្ណោះ ហើយជីកជ្រៅដល់ក្បាលប្រែតឯណោះ ហើយនៅរដូវវស្សានេះមានភ្លៀងធ្លាក់បានបាក់ច្រាំងរណ្តៅអស់ ១ម៉ែត្រ ទៅហើយយ៉ាងយូ២ឆ្នាំក្រោយ អាចបាក់ដល់ដីស្រែរបស់គាត់មិនខាងសូមអាជ្ញាធរ និងមន្ត្រីមន្ទីរពាក់ពន្ធ័ចុះទៅពិនិត្យផងទាន។
រហូតដល់ម៉ោង១រសៀល លោក លឹម សៀងហេង អភិបាលក្រុងបាវិត គាំទ្រឱ្យប្រជាពលរដ្ឋ និងគណៈកម្មការអាចារ្យវត្ត រួមទាំងព្រះសង្ឃ ដកបារ៉ាស់ចេញពីផ្លូវ ដើម្បីឱ្យក្រុមហ៊ុនដឹកដី ចូលខ្លួនដោះស្រាយនៅសាលាក្រុងបាវិត៕