(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះអាជ្ញាធរសង្កាត់-ខណ្ឌទាំងអស់ បន្ទាប់ពីយកចិត្តទុកដាក់ចូលរួម ដឹកនាំការពារ រក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងសប្បាយរីករាយក្រៃលែង រយៈពេល៣ថ្ងៃបានបញ្ចប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ។
លោក ជា ពិសី បញ្ជាក់ថា «ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ ខ្ញុំសូមអរគុណដល់ គណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ មន្ត្រីរាជការ បុគ្គលិកសាលាខណ្ឌ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងនៃបញ្ជាការកងរាជអាវុធហត្ថខណ្ឌ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ គណៈបញ្ជាការឯកភាពទាំង០៧សង្កាត់ រួមទាំង ស្ថាប័នជំនាញពាក់ព័ន្ធនានា ដែលបានខិតខំការពារសន្តិសុខ សុវត្ថិភាព ចរាចរណ៍ និងសណ្ដាប់ធ្នាប់ របៀបរាបរយតាមដងផ្លូវ និងក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរណាស់ ជាពិសេស គោលដៅដែលជាចំណុចប្រចាំការទាំង៣ រួមទាំងគោលដៅទប់ស្កាត់កំផ្លោក បានអនុវត្តភារកិច្ចប្រកបដោយ ភាពម៉ឺងម៉ាត់ និងទទួលបានលទ្ធផលដ៏គាប់ប្រសើរ ស្របពេលដែលប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានចូលរួមសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ប្រកបដោយសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជាទីបំផុត»។
បន្ថែមពីនេះ លោក ជា ពិសី ក៏សូមជូនពរលោក-លោកស្រី នៃក្រុមការងារទាំងអស់ ជាពិសេសប្រជាពលរដ្ឋ នៅទូទាំងខណ្ឌ ជួបតែសេចក្ដីសុខសប្បាយ និងប្រកបរបរទទួលទានមានបាន ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕