(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី ជូលីន ថាម៉េស៉ីស បានថ្លែងថា លោកស្រីមានគោលបំណងចង់ឈ្វេងយល់ អំពីទស្សនៈវែងឆ្ងាយរបស់រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការរក្សាកំណើន និងការអភិវឌ្ឍ ស្របពេលដែលរាជធានីភ្នំពេញ កំពុងមានការរីកចម្រើនយ៉ាងខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការលើកឡើងរបស់លោកស្រី ជូលីន ថាម៉េស៉ីស បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការនគរូបណីយកម្ម និងកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ អង្គការសហប្រជាជាតិប្រចាំកម្ពុជា។
លោកស្រី ជូលីន ថាម៉េស៉ីស បានលើកឡើងថា ការជួបពិភាក្សានេះ មានគោលបំណងចំនួនពីររួមមាន៖
*គោលបំណងទី១៖ ចង់ឈ្វេងយល់អំពីទស្សនៈវែងឆ្ងាយរបស់រាជធានីភ្នំពេញ ក្នុងការរក្សាកំណើនអភិវឌ្ឍរបស់រាជធានីភ្នំពេញ នៅក្នុងពេលអនាគត
*គោលបំណងទី២៖ ចង់ជម្រាបដល់អភិបាលរាជធានីភ្នំពេញ ឲ្យបានដឹងជុំវិញព្រឹត្តិការណ៍ថ្នាក់ជាតិ ដែលគ្រោងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល នៅថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខនេះ ពាក់ព័ន្ធនឹងនគរូបនីយកម្ម ដែលរៀបចំដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ជាមួយអង្គការសហប្រជាជាតិ ដូច្នេះលោកស្រីចង់អញ្ជើញលោកអភិបាលរាជធានីភ្នំពេញ ចូលរួមនៅក្នុងពិធីនេះ ដើម្បីធ្វើបទអន្តរាគមន៍ពាក់ព័ន្ធនឹងវិស័យនគរូបនីយកម្ម នៅក្នុងរាជធានីភ្នំពេញ។
លោកស្រីក៏បានលើកឡើងពីការរីកចម្រើនរបស់រាជធានីភ្នំពេញ ពិសេសលើការទុកដាក់សំរាមឃើញថា មានលក្ខណៈល្អប្រសើរ ដោយសារតែលោកស្រីបានដើរហាត់ប្រាណនៅលើសួនច្បារ គឺមិនមានសំរាមទេ។ លោកស្រី ក៏បានបង្ហាញពីចំណាប់អារម្មណ៍មួយចំនួន ជុំវិញបញ្ហាសន្តិសុខ ដោយលោកស្រី អាចដើរទៅកន្លែងផ្សេងៗ ដោយមិនមានការព្រួយបារម្ភអ្វីឡើយ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនថា បច្ចុប្បន្ននេះមានអគារខ្ពស់ៗច្រើន ក្នុងនោះរួមមាន៖ អគារដែលមានកម្ពស់ ៥ជាន់ទៅ ៩ជាន់ មានចំនួន៧១៦អគារ កម្ពស់១០ ជាន់ទៅ១៩ជាន់ មានចំនួន៣៥០ អគារ កម្ពស់២០ទៅ ២៩ជាន់ មានចំនួន ៨២អគារ កម្ពស់ពី ៣០ជាន់ទៅ ៣៩ជាន់មានចំនួន ៤០អគារ អគារដែលមានកម្ពស់ពី ៤០ជាន់ឡើងទៅ មានចំនួន២៦ អគារ និងមានបុរីចំនួន២១៨បុរី។ នេះជាការរីកចម្រើនលើវិស័យនគរូបនីយកម្ម។
ទន្ទឹមនឹងការរីកចម្រើន រាជធានីភ្នំពេញ ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា បញ្ហាប្រឈមទៅលើបញ្ហាបរិស្ថាន ការកកស្ទះចរាចរ និងកាកសំណល់។ ទោះបីជាយ៉ាងណាក្តី បញ្ហាប្រឈមទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការដោះស្រាយផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងនគរូបនីយកម្មនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើការប្រទានកម្មដីជូនប្រជាពលរដ្ឋយ៉ាងច្រើន ដូចជា ប្រជាពលរដ្ឋរស់នៅលើដីសាធារណៈរបស់រដ្ឋ បានប្រទានកម្មជូនពួកគាត់បានជាង ៣០០សហគមន៍ និងបានប្រទានកម្មដីឯកជន របស់រដ្ឋជូនពួកគាត់បានចំនួន ១១៦១៤ក្បាលដី នៅរាជធានីភ្នំពេញ ដើម្បីឲ្យមានសិទ្ធិរស់នៅស្របច្បាប់ ហើយការងារនេះរាជរដ្ឋាភិបាល នឹងប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ ឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២១ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ ដែលមិនមានផ្ទះសម្បែងស្នាក់នៅ៕