(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គ្រោងនឹងបើកកិច្ចពិភាក្សាជាផ្លូវការលើកដំបូង ស្តីពីការស្រាវជ្រាវលទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ នៅដើមខែធ្នូខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ Facebook ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចាត់ទុកការបើកកិច្ចពិភាក្សាជាផ្លូវការលើកដំបូង ស្តីពីការស្រាវជ្រាវលទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំង២នេះ ជាការរៀបចំដ៏ពិសេសមួយនៃភាគីចិន ដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើ Facebook របស់ខ្លួនយ៉ាងដូច្នេះថា «ដើម្បីសម្រេចឈានដល់កុងសុងស៊ីសចម្បង នៃថ្នាក់ដឹកនាំកំពូលរវាងចិន និងកម្ពុជា ភាគីទាំងពីរនឹងរៀបចំកិច្ចពិភាក្សាផ្លូវការលើកដំបូង ស្តីអំពីការសិក្សាស្រាវជ្រាវលទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីចិន និងកម្ពុជា ក្នុងរដ្ឋធានីប៉េកាំង ថ្ងៃទី៣ ខែធ្នូ នាពេលខាងមុខនេះ។ នេះជាការរៀបចំដ៏ពិសេសមួយនៃភាគីចិន ដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។ ពេលមុននេះ ថ្នាក់ប្រតិបត្តិការងារ នៃស្ថាប័នពាណិជ្ជកម្មរវាងភាគីចិន និងកម្ពុជា បានបង្កើតយន្តការទំនាក់ទំនងរួចជាស្រេច ដើម្បីជំរុញកិច្ចការដែលពាក់ព័ន្ធ ឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធល្អ»។
សូមជម្រាបថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ ១,៣៧៧លានដុល្លារអាមេរិក កើនឡើង ៣៧% និងនាំចូលមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។ ប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣៕