(សៀមរាប)៖ ប្រជាពលរដ្ឋ យុវជន និងភ្ញៀវជាតិ-អន្តរជាតិ រាប់ពាន់/ម៉ឺននាក់ ពិតជាបានសប្បាយរីករាយ និងមានការកោតសរសើរ ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងរដ្ឋបាលខេត្ត-ក្រុងសៀមរាប ដែលបានរៀបចំជាលើកដំបូង ឱ្យមានការជិះទូកលេងកម្សាន្ដ តាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប-អង្គរ ដែលពួកគាត់តែងតែរំពឹង និងជឿជាក់ថា នឹងមានកម្មវិធី-រូបភាព នៃប្រវត្តិសាស្ត្រនេះ ផុសឡើងនៅតាមដងស្ទឹងសៀមរាប។
ដោយមានការអនុញ្ញាត និងការគាំទ្រពីរដ្ឋបាលខេត្ត-ក្រុងសៀមរាប និងមានការសហការពីដៃគូរពាក់ព័ន្ធ ស.ស.យ.ក ខេត្តសៀមរាប ដែលមានលោក ប្រាក់ សោភ័ណ ជាប្រធានបានដឹកនាំ រៀបចំឱ្យមានកម្មវិធីជិះទូកចែវលេងកម្សាន្ដ នៅចំណុចចន្លោះពីស្ពានថ្មវត្តព្រះព្រហ្មរ័ត្ន ដល់ស្ពានថ្មផ្សារចាស់ ដោយមានទូកចែវ ៤០ទូក ហើយអ្នកអុំទូកដឹកភ្ញៀវ ៥៥នាក់ គឺជាម្ចាស់ទូកដែលមកពីសហគមន៍ចុងឃ្នៀស។
អ្នកអុំទូកម្នាក់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ចំពោះជិះទូកលេងកម្សាន្ត ក្នុងម្នាក់ៗត្រូវទិញសំបុត្រតម្លៃ ៦,០០០ ដល់៨,០០០រៀល សម្រាប់ក្មេងៗគឺតម្លៃ ៤,០០០រៀល ហើយចំណូលទាំងអស់ដែលបានពីការលក់សំបុត្រ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកអុំទូក។
បើតាមថ្នាក់ដឹកនាំ ស.ស.យ.ក មានជំនឿថា ក្នុងរយៈ៤ថ្ងៃនេះ គឺអ្នកអុំទូកម្នាក់ៗ អាចនឹងទទួលបានប្រាក់ពីសេវា យ៉ាងតិចពី ៤០-៥០ម៉ឺនរៀលផងដែរ។ ម្ហូបអាហារ បាយ ទឹកប្រចាំថ្ងៃ និងសម្ភារ ដូចជាអាវពោង និងបរិក្ខាចាំបាច់ដ៏ទៃទៀត រួមទាំងអំណោយលើកទឹកចិត្តមួយចំនួនទៀត គឺ ស.ស.យ.ក បានឧបត្ថម្ភ និងគាំទ្រជូនពួកគាត់ ផងដែរ។
សាធារណៈមតិ និងភ្ញៀវទេសចរភាគច្រើនស្ទើរលើសលប់ បានលើកឡើងតៗគ្នា សុំឱ្យខាងអាជ្ញាធរមានសមត្ថកិច្ចដូចជា រដ្ឋបាលខេត្ត ក្រុងមន្ទីរ ក្រសួងទេសចរណ៍ រួមនិងអាជ្ញាធរជាតិអប្សរា មេត្តាពិចារណា ក្នុងបន្តគ្រប់គ្រងរក្សាទុកកម្មវិធីនេះជាបន្តទៀត ព្រោះវាបានក្លាយជាកញ្ចប់ ទេសចរណ៍ថ្មី មួយដ៏មានសក្តានុពល និងកំពុងបដិសន្ធិឡើង នាទសវត្សរ៍ថ្មីនេះ។ មគ្គុទ្ទេសក៍ម្នាក់ ដែលបាននាំភ្ញៀវបរទេសទៅទស្សនាកម្សាន្ត នៅឯទីតាំងនោះផ្ទាល់ បានលើកឡើងថា កម្មវិធីនេះ ពិតជាមានតួនាទី និងអត្ថប្រយោជន៍ខ្ពស់ សម្រាប់លើកកម្ពស់ជីវភាពរបស់អ្នកអុំទូក ដោយផ្ទាល់ និងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងសាធារណៈជនឱ្យមកទស្សនាកម្សាន្ដនៅខេត្តសៀមរាប។
សូមបញ្ជាក់ថា នៅក្នុងតំបន់នោះ ស.ស.យ.ក គឺបានរៀចំ តុបតែងនូវសោភ័ណ្ឌភាព និងភ្លើងពណ៌យ៉ាងល្អប្រណិត ហើយបានកសាងឱ្យមានជាផែ ធ្វើពីឈើ នៅមាត់ស្ទឹង ប្រវែងប្រមាណ១០០ម៉ែត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវអង្គុយទស្សនាការជិះទូក បណ្ដែតប្រទីប និងមានតុ សម្រាប់ទទួលទានចំណីអាហារ ហើយភ្ញៀវអាចបណ្ដែតប្រទីប លេងទឹក រាំលេងកម្សាន្ដ នៅតំបន់នោះ ផងដែរ។
សម្រាប់កម្មវិធីបុណ្យជាតិនេះ គឺមានការចូលរួមពី សមាជិក ស.ស.យ.ក ១៥០នាក់ និងយុវជនស្ម័គ្រចិត្ត ៣៥០នាក់ ដែលពួកគាត់ម្នាក់ៗ ពិតជាបានចូលរួមចំណែក ក្នុងការខិតខំ ព្យាយាម ប្រឹងប្រែង ដោយមិនខ្លាចនឹងការហត់អ្វីឡើយ ក្នុងការចូលរួមរៀបចំ គ្រប់គ្រង ថែរក្សា ការពារ សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងទទួលបដិសណ្ឋាកិច្ច ចំពោះបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពីគ្រប់មជ្ឈដ្ឋាន ផងដែរ។
ថ្នាក់ដឹកនាំ ស.ស.យ.ក បានបញ្ជាក់ផងដែរថា ដោយឡែកនៅឯទីតាំងជិះទូក បណ្ដែតប្រទីបនេះ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ក្រៅពីបានជិះទូកទស្សនាកម្សាន្ដ ក៏បានបន្ធូរនូវអារម្មណ៍តានតឹង ផងដែរ។ ពួកគាត់ ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនរូប ទាំងជាតិ-អន្តរជាតិ ពិតជាបានសប្បាយរីករាយ តាមរយៈការផ្ដិតយករូបភាព ការថតសែលហ្វី ការផុសរូបភាព ជាមួយនិងការពិព័ណ៌រូបភាពរបស់ខ្លួន តាមបណ្ដាញសង្គម និងតាមសារព័ត៌មាន ដែលជាការផ្សព្វផ្សាយ ចែកចាយដំណឹងល្អ និងមានសក្តានុពលនេះ ជូនដល់គ្រួសារ មិត្តភក្រ សាធារណៈជន និងភ្ញៀវផ្សេងៗទៀតបានដឹង និងបានមកទស្សនាខេត្តសៀមរាប។
មគ្គុទ្ទេសក៍ទេសចរណ៍ភ្ញៀវបរទេស ក៏ដូចជាបងប្អូនខ្មែរ ដែលមកទស្សនាកម្សាន្ដកម្មវិធី ក្នុងរយៈពេល៤ថ្ងៃនេះ បានមើល៍ឃើញថា កម្មវិធីនេះ ពិតជាមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ អញ្ជើញចូលរួមអបអរសាទរ និងទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ អធិកអធម ពិសេសសម្រាប់ការទស្សនាការប្រឡាំងទូក «ង» និងការចូលរួមជិះទូកចែវលេងកម្សាន្ត ជាលក្ខណគ្រួសារ មិត្តភក្រតាមបណ្ដោយដងស្ទឹងសៀមរាប។
តែការលើកឡើងជាទស្សន និងសំណូមពរ នៅតែជាប្រធានបទដ៏ទទូច សុំឱ្យមានការរក្សាទុកការជិះទូកនេះ ត្រឹមតែចន្លោះ ១៥-២០គ្រឿង រហូតដល់បំណាច់ឆ្នាំ២០១៩ ឬរហូតដល់ក្រោយចូលឆ្នាំថ្មី នាខែមេសា-ឧសភា ឆ្នាំ២០២០។ មគ្គុទ្ទេសក៍ម្នាក់ទៀត បានលើកឡើងថា ដោយការអុំទូក ចែវទូក ជិះទូក នៅតាមដងស្ទឹង តាមប្រឡាយ ឬលូទឹកស្អុយ ក្នុងក្រុងតាមបណ្ដាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះ បានទទួលការចាប់អារម្មណ៍ គាំទ្រ និងត្រូវបានជាប់ក្នុងលក្ខខណ្ឌចាំបាច់ សម្រាប់ភ្ញៀវទេសចរ រួចទៅហើយនោះ ទើបគាត់មានបំណងឱ្យខាងអាជ្ញាធរមានសមត្ថកិច្ច មេត្តាពិចារណាក្នុងការរក្សាទុកកម្មវិធីជិះទូកនេះ មួយរយៈសិន ដើម្បីបានសិក្សា ស្រាវជ្រាវ ស្វែងយល់ ថាតើការសាកល្បង ដាក់ឱ្យមានកម្មវិធីនេះ នឹងមានផលជាវិជ្ជមាន ឬអវិជ្ជមានយ៉ាងណា ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការធ្វើការសម្រេចចិត្តបន្តទៀត។
ទោះជាយ៉ាងណាស្រទាប់មហាជន និងប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ នៅតែមានសង្ឃឹម និងជំនឿយ៉ាងមុតម៉ាំ ថា ការរក្សាទុកកម្មវិធីជិះចែវទូក នៅតំបន់ដែលបានរៀបចំស្រាប់ និងបន្តការអុំទូក ចែវទូក ជិះកម្សាន្តរហូតដល់ចម្ងាយឆ្ងាយ ដូចជា ពីស្ពាននាគ នាផ្លូវ៦០ម៉ែត្រ ឬពីស្ពានថ្មនានាពីប៉ែកខាងលើទឹក រហូតដល់ខាងមុខផ្សារចាស់ ឬជិតទ្វារទឹកអាងក្រពើ ប្រាកដជាមានភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ មានចាប់អារម្មណ៍ គាំទ្រ ជិះទូកយ៉ាងច្រើនកុះករ ផងដែរ។ គាត់បន្តថា បើចំណូលមួយផ្នែកធំ ត្រូវបានទៅប្រជាពលរដ្ឋ ដែលមានអាជីពអុំទូក ចែវទូក ហើយចំណូលមួយផ្នែកទៀត សម្រាប់ដំណើរការគ្រប់គ្រង ថែរក្សា សណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ សន្តិសុខ ឬ/និងជាការវិភាគទាន សម្រាប់ការកែលម្អរ រៀបចំសោភ័ណ្ឌភាព តាមដងស្ទឹង ផងដែរ។
ចំណែកឯភ្ញៀវទេសចរមួយចំនួនទៀត បានលើកឡើងថា បើអាជ្ញាធរ និងសមត្ថកិច្ចជំនាញ អាចបង្កើតការងារជាអ្នកអុំទូក ចែវទូកថ្មីនេះ ឱ្យក្រុមសិស្ស និស្សិតដែលមានជីវភាពក្រីក្រ ឱ្យមានការងារធ្វើ និងមានចំណូលដោយផ្ទាល់ សម្រាប់បំពេញតម្រូវការក្នុងការស្នាក់នៅរៀនសូត្រ ហើយពួកគាត់ត្រូវបានទទួលការអប់រំ បណ្ដុះបណ្ដាលពីមន្ត្រីជំនាញ ដូចជាមន្ទីរទេសចរណ៍ ជាដើមនោះ ពិតជាល្អប្រសើរណាស់។ គឺបណ្ដុះបណ្ដាលពួកគាត់ ឱ្យក្លាយជាមគ្គុទ្ទេសក៍សហគមន៍ ដែលមានលទ្ធភាពក្នុងការអត្ថាធិប្បាយ ពីប្រវត្តិដែលពាក់ព័ន្ធក្រុងសៀមរាប ជីវភាពរបស់ប្រជាពលរដ្ឋ ប្រវត្តិស្ទឹងសៀមរាប និងអត្ថប្រយោជន៍របស់វានោះ ហើយកាន់តែប្រសើរមួយកម្រិតបន្ថែមទៀត។
ដោយហេតុផល និងការមើលឃើញនូវសក្តានុពល នៃកញ្ចប់ទេសចរណ៍ ដ៏មានផលប្រយោជន៍ជាតិ និងការលើកកម្ពស់ជីវភាពរស់នៅ របស់អ្នកពាក់ព័ន្ធហ្នឹងហើយ ទើបធ្វើឱ្យមហាជន និងភ្ញៀវទេសចរ ទទូចសុំឱ្យខាងអាជ្ញាធរពាក់ព័ន្ធ សូមរក្សាទុកកម្មវិធី ជិះទូក/ចែវទូក លេងកម្សាន្តនេះ បន្តទៀត ព្រោះវាពិតជាបានទាក់ទាញ នូវកំណើនភ្ញៀវទេសចរ និងសាធារណៈជន ឱ្យមកទស្សនាកម្សាន្ដ នៅខេត្តសៀមរាប កាន់តែច្រើនបន្ថែមទៀត៕