(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីថ្លែងការណ៍ ស្នើព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ត ដែលពាក់ព័ន្ធទាំងអស់ ពិនិត្យរៀបចំសេចក្ដីសន្និដ្ឋាន ស្នើសុំទៅតុលាការដើម្បីពិនិត្យពិចារណាលើការបញ្ឈប់ការចាប់ខ្លួន និងបន្ធូរបន្ថយការប្រើប្រាស់វិធានការ នៃការឃុំខ្លួនជាបណ្ដោះអាសនុ្ន ចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាញ់បោកទណ្ឌិត សម រង្ស៉ី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា ចំពោះសំណុំរឿងរួមគំនិតក្បត់ ពាក់ព័ន្ធផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល ក្រោមឧបាយកល នៃការវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ស្នើសុំព្រះរាជអាជ្ញារាជធានី-ខេត្ត សហការជាមួយស្ថាប័នតុលាការ ដើម្បីជំរុញដំណើរការនីតិវិធីឲ្យបានឆាប់រហ័ស។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា សហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឱ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃនោះ វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃនោះទេ។
ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ភ្លាមៗនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សកម្មជន ២នាក់របស់អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពត ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់សាម៉ីខ្លួន។
ជនត្រូវចោទទាំង ២នាក់ រួមមាន ស្ដ្រីឈ្មោះ ប៉ែន មុំ ដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធគាររយៈពេលជាង ១ខែ និងលោក នុត ពេជ ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារជាង ៣ខែ ពាក់ព័ន្ធការចូលរួមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ដោយសារតែពួកគេលង់ខ្លួនបាញ់បោក ត្រូវបានតុលាការខេត្ដកំពត សម្រេចដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល។
យោងតាមពាក្យសុំនៅក្រៅឃុំរបស់ជនត្រូវចោទទាំង ២នាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពួកគេបានសន្យា នឹងមិនចូលរួមសកម្មភាពនានានាំឲ្យមានអំពើហិង្សា ដែលបង្កឡើងដោយទណ្ឌិត សម រង្ស៉ី ឬអតីតគណបក្សសង្គ្រោះជាតិនោះឡើយ ហើយសន្យាចូលមកតុលាការគ្រប់ពេលវេលានៅពេលដែលកោះហៅ៕