(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខសាលាខេត្ត ដោយមានការចូលរួមពីដឹកនាំមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមជាង២,០០០នាក់។
លោក ងួន រតន: អភិបាលខេត្តបាត់ដំបង បានអានសារលិខិតទាំងស្រុង និងបានថ្លែងថា ៩ វិច្ឆិកា ជាទិវាឯករាជ្យជាតិ និងជាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលជាថ្ងៃប្រវត្តិសាស្រ្ត នៃការ
ប្រកាសឯករាជ្យពេញលេញ របស់កម្ពុជាក្រោមព្រះរាជបូនីយកិច្ច និងព្រះរាជបេសកកម្មទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ របស់ព្រះករុណា
ព្រះបាទ ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
ប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នា តែងតែចងចាំ និងចារឹកជាប់ជានិច្ច ក្នុងជីវិតនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ របស់ព្រះករុណា ដែលកន្លងមកព្រះអង្គបានបូជា ព្រះកាយពល និងបញ្ញាញានយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទាឯករាជ្យនៅកម្ពុជា ឲ្យរួចផុតពីអាណានិគមនិយមបារាំង។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ថដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ា សន្តិភាព សាមគ្គីភាព និងវឌ្ឍនភាព សង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នាជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទីវង្គត ហើយក៏ដោយ។
ទន្ទឹមនឹងនេះ យើងទាំងអស់គ្នាចូលរួមអបអរសាទរខួបលើកទី៦៦ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានចាត់ទុកថា សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើងសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស រក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កែលម្អអភិបាលកិច្ច លើកស្ទួយវិស័យសាធារណៈនិងការអភិវឌ្ឍន៏ជាតិ។
ប្រការនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានដ៏រឹងមាំ គ្រប់ផ្នែក គ្រប់វិស័យ ធ្វើឲ្យកិត្យានុភាព របស់ប្រទេសមានការផ្លាស់ប្តូរមុខមាត់ថ្មី ស្រស់បំព្រងទាំងផ្ទៃប្រទេស ក៏ដូចនៅលើពិភពលោក ៕