(កំពង់ចាម)៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកវគ្គអប់រំផ្សព្វផ្សាយស្តីពី តួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងបទដ្ឋានអន្តរជាតិពាក់ព័ន្ធនឹងការប្រឆាំងទារុណកម្ម នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក នុត សាអាន ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ដោយមានការចូលពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងតំណាងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធសរុបចំនួន ៨៥នាក់។
លោក អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋ បាលខេត្តកំពង់ចាម មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលគណៈកម្មាធិកាជាតិប្រឆាំងទារុណកម្ម បើកវគ្គអប់រំផ្សព្វផ្សាយ ស្តីពីតួនាទី និងភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងបទដ្ឋានអន្តរជាតិពាក់ព័ន្ធ និងការប្រឆាំងទារុណកម្មជូនដល់មន្ត្រីសាធារណៈ និងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់គ្រងកន្លែងឃុំឃាំង នៅ ខេត្តកំពង់ចាម និងសូមគាំទ្រគ្រប់សកម្មភាពនានា ដែលអាចជួយពង្រឹងនូវសមត្ថភាព ចំណេះដឹង ដើម្បីអនុវត្តនូវមុខងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ឆ្លើយ តបតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសទណ្ឌិតត្រូវបានដោះលែងអាចយកចំណេះដឹង និងជំនាញទៅប្រកបអាជីវកម្មបង្កើនជីវភាពរស់ នៅបានក្នុងសង្គម។
លោក នុត សាអាន បានថ្លែងថា គោលបំណងវគ្គផ្សព្វផ្សាយនេះ គឺចង់ផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងបទដ្ឋាន អន្តរជាតិពាក់ព័ន្ធនឹងការប្រឆាំងទារុណកម្ម ដល់មន្ត្រីនគរបាលយុត្តិធម៌ អជ្ញាធរមានសមត្ថកិច្ចនៅទីឃុំឃាំង ជនដែលអាចឬត្រូវបានដកហូតសិទ្ធិសេរីភាព និងភាគីពាក់ព័ន្ធផ្សេងៗ។
លោកបន្ត ថា ប្រវត្តិនៃការក កើត គ.ជ.ប.ទ គឺកើតចេញពីបញ្ហាប្រឈម លទ្ធផលសម្រេចបាន និងទិសដៅអនុវត្តបន្ត ហើយលោកក៏ស្នើឱ្យមានការសហការពីលោក លោកស្រី អស់លោកជាមន្ត្រី អជ្ញា ធរ មានសមត្ថកិច្ច ពាក់ព័ន្ធការអនុវត្តច្បាប់លើជនដែលអាច ឫត្រូវបានដកហូតសិទ្ធិសេរីភាព និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីសម្រេចបាន ការបង្ការអំពើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕