(សៀមរាប)៖ ក្រោយចូលរួមយ៉ាងសកម្ម ក្នុងការបម្រើដល់វិស័យទេសចរណ៍ នៅរមណីយដ្ឋានអង្គរជាច្រើនឆ្នាំមកនោះ សត្វដំរីប្រមាណជាង១០ក្បាល ត្រូវបានសហគមន៍គ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា ដឹកជញ្ជូនយកទៅអភិរក្សនៅព្រៃសហគមន៍បុស្សធំ ស្ថិតស្រុកសូទ្រនិគម ដើម្បីឱ្យពួកគេរស់មានសេរីភាព នៅតាមបែបធម្មជាតិ។
តាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្នុងបរិបទថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាដើម្បីលើកកម្ពស់ជីវិត នៃការរស់នៅបែបធម្មជាតិរបស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងបញ្ជូនសត្វដំរីជាបណ្តើរៗ ចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្ម ក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្ត នៅរមណីយដ្ឋានអង្គរ នៅដើមឆ្នាំ២០២០តទៅ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់បន្ថែមថា សត្វដំរីដែលមានធ្លាប់បម្រើសេវាកម្មជិះកម្សាន្ត ដល់ភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ នាពេលបច្ចុប្បន្ននេះ មានប្រមាណជាង១០ក្បាល (ក្រោម១៥ក្បាល)។
ជាក់ស្ដែង នាថ្ងៃទី១៤ ខែវិច្ឆិកានេះ សមាគមគ្រប់គ្រងសត្វដំរី បាននិងកំពុងដឹកជញ្ជូនសត្វដំរីមួយចំនួន ចេញពីរមណីយដ្ឋានអង្គរទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតក្នុងឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឱ្យសត្វដំរីរស់នៅតាមលក្ខណៈធម្មជាតិ ស្ថិតក្រោមការថែទាំរបស់សមាគមគ្រប់គ្រងសត្វដំរី។ ដោយឡែក សត្វដំរីដែលនៅសល់នឹងបន្តដឹកជញ្ជូនចេញពីរមណីយដ្ឋានអង្គរ ជាបន្តបន្ទាប់នាពេលក្រោយ។
ជាការពិតណាស់ សត្វដំរីទាំងនោះមិនត្រឹមតែផ្តល់នូវភាពទាក់ទាញដ៏អស្ចារ្យ ក្នុងការផ្តល់សេវាកម្មសម្បូរបែប ក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដល់ភ្ញៀវជាតិ-អន្តរជាតិ។
បើគេនិយាយពីការកសាងប្រាង្គប្រាសាទនានា នៅតំបន់អង្គរ ពិសេសប្រាសាទអង្គរ ប្រាសាទបាយ័ន្ត ក៏ដូចជាការធ្វើសឹកសង្គ្រាមពង្រីកទឹកដី ការពារទឹកដីជាដើមនោះ គេតែងនឹករឭកដល់គុណបំណាច់ដ៏មហាសាលរបស់សត្វដំរី ដែលជាកម្លាំងអូសទាញ និងជាកម្លាំងទ័ពដ៏មហិមា។ ដូច្នេះប្រជាពលរដ្ឋទាំងអស់សូមមានការអាណិតស្រលាញ់ និងចូលរួមអភិរក្សថែរក្សាចំពោះសត្វដំរីឱ្យបានផុសផុលឡើង ដើម្បីឱ្យសត្វចតុបាទប្រភេទនេះគង់វង្សយូរអង្វែងក្នុងប្រទេសកម្ពុជា៕