(កំពត)៖ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បញ្ជាឲ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ពាក់ព័ន្ធករណីប្រជាពលរដ្ឋទាំងឡាយ ដែលលង់ខ្លួនបាញ់បោកទណ្ឌិត សម រង្ស៉ី រហូតមានការចាប់ខ្លួន និងដាក់ពន្ធនាគារនោះ ភ្លាមៗនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សកម្មជន ២នាក់របស់អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពត ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់សាម៉ីខ្លួន។
ជនត្រូវចោទទាំង ២នាក់ រួមមាន ស្ដ្រីឈ្មោះ ប៉ែន មុំ ដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធគាររយៈពេលជាង ១ខែ និងលោក នុត ពេជ ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារជាង ៣ខែ ពាក់ព័ន្ធការចូលរួមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ដោយសារតែពួកគេលង់ខ្លួនបាញ់បោក ត្រូវបានតុលាការខេត្ដកំពត សម្រេចដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល។
យោងតាមពាក្យសុំនៅក្រៅឃុំរបស់ជនត្រូវចោទទាំង ២នាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពួកគេបានសន្យា នឹងមិនចូលរួមសកម្មភាពនានា ដែលបង្កឡើងដោយទណ្ឌិត សម រង្ស៉ី ឬអតីតគណបក្សសង្គ្រោះជាតិនោះឡើយ ហើយសន្យាចូលមកតុលាការគ្រប់ពេលវេលា នៅពេលដែលកោះហៅ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត លោក ឯក ឆេងហួត បានប្រាប់ភា្នក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយមានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន តំណាងអយ្យការ បានធ្វើការជាមួយស្ថាប័នតុលាការជាបន្ទាន់ ហើយឈានទៅដល់ការចេញដីកាបង្គាប់ឲ្យដោះលែង ជនត្រូវចោទទាំង ២នាក់ នៅថ្ងៃនេះតែម្ដង។
អភិបាលខេត្តកំពត លោក ជាវ តាយ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ខេត្តកំពត ប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួនដោយសារចាញ់បោកផែនការក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី គឺមានតែ២នាក់ប៉ុណ្ណោះ ដែលត្រូវបានដោះលែងនៅថ្ងៃនេះ។
លោក យន្ដ ផល្លី អ្នកស៊ើបអង្កេតប្រចាំសមាគមអាដហុក នៅខេត្តកំពត បានសាទរ និងវាយតម្លៃថា ពិតជាល្អប្រសើរចំពោះការសម្របសម្រួល ចំពោះជនដែលជាប់ឃុំឃាំងពាក់ព័ន្ធ ទៅនឹងករណីនេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដោយសហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឱ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃនោះ វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃនោះទេ៕
ស្ដ្រីឈ្មោះ ប៉ែន មុំ និងលោក នុត ពេជ ដែលចាញ់បោក សម រង្ស៊ី រហូតមានការចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ
លោក យន្ដ ផល្លី អ្នកស៊ើបអង្កេតប្រចាំសមាគមអាដហុក នៅខេត្តកំពត