(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក Yan Shujiang អគ្គស្នងការរងរដ្ឋបាលរដ្ឋវេជ្ជសាស្រ្តបូរាណចិន បានប្ដេជ្ញារួមគ្នាជាមួយកម្ពុជា ក្នុងការបន្ដកិច្ចសហប្រតិបត្តិការ ដែលផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពផ្នែកឱសថ និងវេជ្ជសាស្រ្តបូរាណកម្ពុជា ការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល ការអភិរក្ស និងការផលិតធនធានរុក្ខជាតិឱសថ។
លើសពីនោះ លោក Yan Shujiang បានថ្លែងបញ្ជាក់ពីសមិទ្ធផលដែលបានសម្រេចក្រោមកិច្ចសហប្រតិបត្ដិការរួមគ្នានេះ រួមមាន ១៖បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកឱសថបូរាណ នាឆ្នាំ២០០៦ និង ២) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តបុរាណ នាឆ្នាំ២០១២។
ជាកិច្ចឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចរបស់រដ្ឋបាលរដ្ឋវេជ្ជសាស្រ្តបុរាណចិននៃខេត្តក្វាងចូវ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់ភាគីមិត្តចិន និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តបូរាណ។
ជាងនេះទៅទៀត រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានថ្លែងនូវការកោតសរសើរចំពោះសមិទ្ធផលដ៏ធំធេងនេះ និងថ្លែងអំណរគុណដល់ភាគីមិត្តចិនផងដែរ។ ជាមួយគ្នានោះ រដ្ឋមន្រ្តី បានស្នើដល់ភាគីមិត្តចិន ឱ្យបន្តឧបត្ថម្ភគាំទ្រលើផ្នែកវេជ្ជសាស្រ្ត និងឱសថបូរាណបន្តទៀត។ ជាពិសេស រួមគ្នាសម្រេចសមិទ្ធផលជាច្រើនទៀត រវាងប្រទេសទាំងពីរ ទៅថ្ងៃអនាគត ប្រកបដោយលទ្ធផលផ្លែផ្កាជាមោទនៈ និងសាមគ្គីភាពរហូតទៅ៕