(ព្រៃវែង)៖ ប្រជាពលរដ្ឋនៅស្រុកបាភ្នំ ខេត្តព្រៃវែង ជាច្រើនគ្រួសារ បានរិះគន់ដល់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ដែលកំពុងតែបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ពួកគាត់ និងបានជះក្លិនស្អុយដល់ពលរដ្ឋក្នុងភូមិ នៅជិតរបងវត្តនាគរង្សី ភូមិក្ដីដូង ឃុំរោងដំរី ខណៈអាជ្ញាធរស្រុកក៏បានស្នើមន្ទីរជំនាញ ចុះមកពិនិត្យ និងធ្វើច្បាប់ឲ្យបានត្រឹមត្រូវ ចំពោះកសិដ្ឋានចិញ្ចឹមក្រពើនេះផងដែរ។
ប្រជាពលរដ្ឋរស់នៅជិតកន្លែងចិញ្ចឹមក្រពើនេះ បាននិយាយថា អាងនេះមានក្រពើច្រើនណាស់ មានតូចមានធំសរុបទៅប្រហែល ៥០០ក្បាល ហើយរាល់ថ្ងៃ ពួកគាត់ពិបាកចិត្តខ្លាំងណាស់ ចំពោះអាងចិញ្ចឹមក្រពើមួយនេះ ខ្លាចកូនចៅតូចៗរបស់គាត់ដើរលេងទៅធ្លាក់ចូលក្នុងទ្រុងក្រពើ ត្រូវក្រពើខាំស៊ី ជាក់ជាមិនខានឡើយ។
ពួកបានបន្តទៀតថា ការចិញ្ចឹមក្រពើនេះគ្មានលក្ខណៈស្តង់ដារត្រឹមត្រូវនោះទេ ព្រោះកន្លងមក ធ្លាប់រួចចេញពីទ្រុងពីរបីដងមកហើយ ធ្លាប់អ្នកភូមិដើរឆ្លុះសត្វ ពេលយប់ ចាប់បាន ប្រគល់ឲ្យម្ចាស់វិញជាច្រើនលើកច្រើនសាមកហើយ។ ប្រជាពលរដ្ឋខ្លះទៀតគាត់រអ៊ូរថា មានក្លិនស្អុយភាយចេញពីកន្លែងអាងចិញ្ចឹមក្រពើ រកហូបបាយមិនកើត និងប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ទៀតផង រកដេកពួនមិនបាននោះឡើយ។
ចំពោះរឿងអាងចិញ្ចឹមក្រពើខាងលើ លោក ទេព ភារុណ អភិបាលស្រុកបាភ្នំ បានឱ្យភ្នាក់ងារព័ត៌មាន Fresh News ដឹងថា ទីតាំកន្លែងចិញ្ចឹមក្រពើមួយនេះ គឺគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហើយលោកបានរាយការណ៍ទៅលោកអភិបាលខេត្តរួចហើយ ដើម្បីសុំគោលការណ៍ឲ្យមន្ទីជំនាញ ចុះមកពិនិត្យជាក់ស្តែង និងឲ្យធ្វើច្បាប់សុំបើកកសិដ្ឋានចិញ្ចឹមក្រពើឲ្យបានត្រឹមត្រូវ ចៀសវាងប៉ះពាល់រំខានដល់ពលរដ្ឋបន្តទៀត៕