(ភ្នំពេញ)៖ ព្រះសង្ឃជប៉ុនរាប់រយអង្គ នៅក្នុងប្រទេសជប៉ុន បាននិមន្តរៀបចំពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាវីរក្សត្រកម្ពុជា ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នាគម្រប់ខួប ៧ឆ្នាំ នៃការយាងចូលទីវង្គត។ នេះបើយោងតាមហ្វេសប៊ុក «Royal Du Cambodge» ដែលបានបង្ហោះនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ហ្វេសប៊ុក «Royal Du Cambodge» បានបង្ហោះខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh ស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោកនិកាយ Nenbutsushu បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ ការយាងចូលព្រះទីវង្គិត នៃព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាប្រទេសជប៉ុន»។
ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមក្រោមការដឹកនាំរៀបចំ ដោយព្រះសង្ឃជាន់ខ្ពស់ជប៉ុន នៅក្នុងវត្តមួយស្ដិតនៅក្នុងប្រទេសជប៉ុន។
តាមរយៈរូបថតទាំងនេះ បានឱ្យដឹងថា ក្រៅពីព្រះសង្ឃជប៉ុនរាប់រយអង្គ ក៏មានពុទ្ធសាសនិកជប៉ុន និងមន្ត្រីអ្នកមុខអ្នកការជប៉ុន យ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមផងដែរ ដោយមានពិធីសូត្រធម៌ថ្វាយមហាព្រះរាជកុសល និងគោរពព្រះវិញ្ញាណក្ខន្ធថែមទៀតផង នៅចំពោះព្រះឆាយាល័ក្ខណ៍ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលត្រូវដាក់តាំងនៅលើអាសនៈដ៏ពិសិដ្ឋ ស្ថិតក្នុងព្រះវិហារមួយ។
សូមជម្រាបថា ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម ៩០ព្រះវស្សា៕