Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនួបរវាងលោក កឹម សុខា ជាមួយឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ពុំបានជជែកអំពីរឿងនយោបាយ

13-11-2019 18:43

(ភ្នំពេញ)៖ ក្នុងជំនួបរវាងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ជាមួយ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ភាគីទាំងពីរពុំបានជជែកអំពីរឿងនយោបាយនោះទេ។

លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបខាងលើនេះថា ក្រៅពីសួរសុខទុក្ខលោក កឹម សុខា អំពីបញ្ហាសុខមាលភាព និងសុខភាព គឺលោកអគ្គរាជទូតជប៉ុន បានកោតសរសើរដល់ លោក កឹម សុខា ថាជាមនុស្សពូកែអត់ធ្មត់ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាធិបតេយ្យ។

លោក មុត ចន្ថា បានបន្តថា លោក កឹម សុខា ជាអ្នកអនុវត្តច្បាប់ អ្វីដែលផ្ទុយពីច្បាប់ និងគោលការណ៍ ដែលបានដាក់ចេញគឺលោកមិនធ្វើជាដាច់ខាត។

រហូតមកដល់ពេលនេះ មានអគ្គរដ្ឋទូតបរទេសចំនួន៦រូបហើយ បានចូលជួបលោក កឹម សុខា បន្ទាប់ពីលោកទទួលបានសិទ្ធិច្រើនជាងមុន ក្នុងនោះមានអគ្គរដ្ឋទូតអាមេរិក អគ្គរដ្ឋទូតអាល្លឺម៉ង់ អគ្គរដ្ឋទូតអូស្រ្តាលី អគ្គរដ្ឋទូតបារាំង អគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា និងអគ្គរាជទូតជប៉ុនផងដែរ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕