(ភ្នំពេញ)៖ កម្មវិធីទូរស័ព្ទដៃ Wiki School សម្រាប់អ្នកអាណាព្យាបាលសិស្ស ត្រូវបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ។
អ្នកអាណាព្យាបាលសិស្សទាំងអស់ បានទទួលគណនីសម្រាប់ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Wiki School សម្រាប់តាមដានការសិក្សារបស់កូន ដូចជាកាលវិភាគសិក្សា របាយការណ៍វត្តមាន ឥរិយាបថសិស្ស ប្រតិទិនឈប់សម្រាករបស់សាលា ព័ត៌មាននិងសេចក្តីជូនដំណឹងសាលា លេខទំនាក់ទំនងសាលា ដែលអនុញ្ញាតឱ្យពួកគាត់ទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស។
លោកនាយករង ហួត ស៊ាងហៃ បានថ្លែងនៅក្នុងកម្មវិធីកិច្ចប្រជុំមាតាបិតាសិស្សចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅថា ដើម្បីទទួលបានលទ្ធផលល្អ សម្រាប់ការបណ្តុះបណ្តាលសិស្សានុសិស្ស និងឱ្យស្របទៅនឹងគោលនយោបាយសាលារៀនសតវត្យទី២១ សាលារៀនបានប្រើប្រាស់ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង សាលារៀនឌីជីថល Wiki School ដើម្បីជំរុញដល់ការគ្រប់គ្រងសាលារៀន ឱ្យមានលក្ខណៈទំនើប និងផ្តល់សេវាកម្មដល់សិស្ស និងអ្នកអាណាព្យាបាលទាន់ពេលវេលា។ ចាប់ពីពេលនេះទៅមាតាបិតាសិស្ស មានគណនី សម្រាប់ប្រើប្រាស់ជាមួយកម្មវិធីទូរស័ព្ទដៃ Wiki School ដើម្បីតាមដានលទ្ធផលសិក្សារបស់កូនបានយ៉ាងឆាប់រហ័យ។
លោកនាយករង បានបន្ថែមថា សាលាបានប្រើប្រាស់ប្រព័ន្ធយកវត្តមានឌីជីថល ប្រព័ន្ធធ្វើកាលវិភាគសិក្សា ប្រព័ន្ធបូកសរុបពិន្ទុស្វ័យប្រវត្តិ និងកិច្ចការផ្សេងៗដោយខ្លួនឯង ដែលបានផ្តល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំសាលា និងលោកគ្រូ អ្នកគ្រូផងដែរ។
ក្នុងឱកាសនោះដែរ លោក ងន់ ម័រ សហស្ថាបនិកនៃក្រុមហ៊ុនផុស្ការ ដែលមានឯកទេសផលិតកម្មវិធីគ្រប់គ្រងសាលារៀនបែបឌីជីថល Wiki School បានធ្វើបទបង្ហាញ ពីការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ជូនមាតាបិតាសិស្សប្រមាណ ៩០០នាក់ ព្រមទាំងបានដំឡើងកម្មវិធី និងចែកជូននូវគណនី សម្រាប់អ្នកអាណាព្យាបាល ដែលមានកូនរៀនថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ សម្រាប់ឆ្នាំសិក្សាថ្មី២០១៩-២០២០នេះតទៅ។
លោក ងន់ ម័រ បានបន្ថែមថា សម្រាប់អ្នកអាណាព្យាបាលដែលមានកូន លើសពី០១នាក់ ក៏អាចមើលនៅក្នុងគណនីជាមួយគ្នាដែល ជារួមគឺអ្នកអាណាព្យាបាល មានគណនីតែមួយអាចមានព័ត៌មានកូនរបស់ខ្លួនទាំងអស់ កំពុងសិក្សានៅសាលាជាមួយគ្នា៕