(ភ្នំពេញ)៖ ដើម្បីចូលរួមបអរទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ ០៩ វិច្ឆិកា ឆ្នាំ១៩៥៣- ០៩ វិច្ឆិកា ២០១៩ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ បណ្ឌិតសភាគុនល្បុក្កតោកម្ពុជា ក្រុមគ្រួសារល្បុក្កតោ និងគណៈគ្រប់គ្រង Central Park Arena បានរៀបចំសម្តែងក្បាច់គុនល្បុក្កតោ រយៈពេល៣ថ្ងៃ បង្ហាញជូនសាធារណៈជនទស្សនាកម្សាន្ត ដោយសេរី។
ការបង្ហាញក្បាច់គុនល្បុក្កតោ ដែលបន្សល់ទុកពីដូនតាខ្មែរនេះ បានធ្វើឡើងនៅលើទីតាំងស្ថិតនៅលើដងផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាធានីភ្នំពេញ។ កីឡាករ-កីឡាការិនីចូលរួមសម្តែងក្បាច់គុនល្បុក្កតោ មានចំនួន៦៥នាក់ និងកីឡាករប្រកួតមានចំនួន៩គូរ ដែលការសម្តែងក្បាច់គុននីមួយៗមាន៖ ការសម្តែងក្បាច់ថ្វាយបង្គុំគ្រូ ការសម្តែងប្រភេទទម្រង់ទ្វាមេគុន ការសម្តែងឈុតឆាកប្រយុទ្ធ និងការប្រយុទ្ធ នៅលើសង្វៀន។
ការសម្តែងគុនល្បុក្កតោ និងការប្រយុទ្ធលើកនេះ បានប្រព្រឹត្តទៅវត្តមានលោក សេង ថាវរិន ប្រធានគណៈគ្រប់គ្រង Central Park, លោក ហ៊ុល ប៊ុនថា អនុប្រធានទី១ គណៈកម្មការកិត្តិយសបណ្ឌិតសភាកម្ពុជា, លោក តាន់ ជួរហុង អនុប្រធានទី២ គណៈកម្មការកិត្តិយសបណ្ឌិតសភាកម្ពុជា និងលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានបណ្ឌិតសភាល្បុក្កតោកម្ពុជា។
ការរៀបចំការសម្តែង និងប្រយុទ្ធក្បាច់គុនល្បុក្កតោនេះ មានគោលបំណង អភិរក្សនិងអភិវឌ្ឍក្បាច់គុនល្បុក្កតោ ដែលជាមរតករបស់ជាតិ ជួយផ្សព្វផ្សាយឱ្យកូនខ្មែរ និងពិភពលោកបានស្គាល់កាន់តែច្បាស់ លើកតម្កើងក្បាច់គុនបុរាណខ្មែរ និងលើកទឹកចិត្តគាំទ្រផ្នែកស្មារតី ដល់កីឡាករគុនល្បុក្កតោទូទាំងប្រទេសបន្តការខិតខំរៀនសូត្រនិងហ្វឹកហាត់ ដើម្បីចូលរួមសម្តែង និងប្រយុទ្ធក្បាច់គុន របស់ដូនតាខ្មែរ ឱ្យបានកាន់តែល្បីរន្ទឺនៅទូទាំងប្រទេស និងពិភពលោក។
ការសម្តែងក្បាច់ថ្វាយបង្គុំគ្រូ «សង្វារព្រះរាម» បានបង្ហាញដោយសិស្សច្បងធំ សាន អង្គររាជវ័ន្ធ ក្រមាខ្មៅបីជាន់ (ចេះបីពាន់ក្បាច់)។ ការបង្ហាញទ្វាមេគុនល្បុក្កតោ របស់សាលាគុនល័ក្ខរ៉ៃយ៉ុង រាជធានីភ្នំពេញ និងសាលាគុនតាដំបងដែក ខេត្តកំពង់ឆ្នាំងមាន មេគុនដៃនិងអាវុធ ដែលទ្វាមេគុនដៃមាន ការសម្តែងទ្វាមេគុនព្រលឹងល្បុក្កតោ ទ្វាមេគុនក្បាច់បូក និងទ្វាមេគុនលំពែងព្រះឥសូរ ឯការសម្តែងមេគុនអាវុធមាន មេគុនដាវ ខែលដៃ ដំបងខ្លី ដំបងវែង ដំបងខ្លីភ្លោះ។ ការសម្តែងឈុតឆាកប្រយុទ្ធមានដោយដៃ និងអាវុធ ដែលការសម្តែងនីមួយៗ មានការសមដោយប្រើដៃ និងអាវុធមានមួយទល់នឹងពីរ មួយទល់បី មួយទល់បួន និងមួយទល់នឹងប្រាំ។
លើសង្វៀនប្រកួតមានកីឡាករប្រយុទ្ធចូលរួមចំនួន០៥គូរ ត្រូវជា១៨នាក់ មកពីសាលាគុនតាមបណ្តាខេត្តរាជធានី ចំនួន៤ គឺសាលាគុនមរតកខ្មែរ នៅរាជធានីភ្នំពេញ, សាលាគុនល័ក្ខរ៉ៃយ៉ុង រាជធានីភ្នំពេញ, សាលាគុនតាដំបងដែក ខេត្តកំពង់ឆ្នាំង និងសាលាគុនលោកតាឃ្លាំងមឿង ខេត្តពោធិ៍សាត់។
ក្បាច់គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដ៏ចំណាស់មួយ និងជាយុទ្ធគុនដ៏កំពូលរបស់ដូនតាខ្មែរ បានបន្សល់ទុកតាំងពីសម័យបុរាណ ហើយមានអ្នកខ្លះគេបានប្រសិទ្ធិនាមថា ជាក្បាច់គុនរបស់អាទិទេព។ អត្ថន័យនៃពាក្យល្បុក្កតោ គឺជាបន្សំនៃពាក្យ ល្បុក្ក និងតោ ដែលល្បុកមានន័យថា បុក វាយរុញ ឬដាល់ ឯតោវិញមានន័យថា ជាស្តេចសត្វមហាកម្លាំង ឬមហាថាមពល។ ដូច្នេះក្បាច់គុនល្បុក្កតោ គឺជាក្បាច់គុន ដែលអាចប្រយុទ្ធជាមួយនឹងសត្វតោ។
សូមបញ្ជាក់ជូនជ្រាបថា ក្បាច់គុនបុរាណខ្មែរដ៏ចំណាស់មួយនេះ ត្រូវបានលោកគ្រូតាក្រមាមាស សាន គឹមស៊ាន គាស់កកាយឡើងវិញ ឱ្យរស់រានឡើងវិញក្នុងសតវត្សទី២១ នេះដែលមានក្បាច់ច្រើនជាងមួយម៉ឺនស្នៀត។ ជាលទ្ធផលក្បាច់គុនល្បុក្កតោ បានចុះបញ្ជីជាបេតិភណ្ឌ របស់ជាតិ ក្នុងឆ្នាំ២០១២ ហើយត្រូវបានបំពេញសំណុំបែបបទដាក់ស្នើសុំដាក់ក្បាច់គុនល្បុក្កតោ បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីយ៍ របស់មនុស្សជាតិ ទៅអង្គការយូនីស្កូ (UNESCO) តាំងពីពេលនោះមក។
បច្ចុប្បន្នក្រុមការងាររបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនរៀបចំសំណុំឯកសារនិងបំពេញនីតិវិធីដាក់ស្នើសុំទៅអង្គការយូនីស្កូបានរួចរាល់ដោយមានលោកគ្រូតាក្រមាមាសជាស្នូល។ ទន្ទឹមគ្នានេះដែរ លោកគ្រូតាក្រមាមាសក៏បានទទួលជួបពិភាក្សាការងារ ជាបន្តបន្ទាប់ជាមួយនឹងគណៈប្រតិភូក្រុមការងាររបស់អង្គការយូនីស្កូ ហើយសង្ឃឹមថា ក្បាច់គុនល្បុក្កតោនឹងត្រូវបានអង្គការមួយនេះ ទទួលស្គាល់ និងចាត់បញ្ចូលជាសម្បត្តិបេតិភណ្ឌអរូបិយ៍ នៃមនុស្សជាតិក្នុងពេលឆាប់ៗខាងមុខនេះ ។
ដើម្បីជួយជំរុញការផ្សព្វផ្សាយក្បាច់គុននេះ លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ដោយមានការឧបត្ថម្ភមូលនិធិថតដោយលោកឧកញ៉ា តឹក ង៉ូយ បានថតចប់កុនស្ដីពីក្បាច់គុនល្បុក្កតោ ដែលមានចំណងជើងថា «ព្រលឹងល្បុក្កតោ» ហើយគ្រោងនឹងដាក់បញ្ចាំងជូនទស្សនិកជនទស្សនា នៅដើមឆ្នាំក្រោយនេះ សូមបងប្អូនជនរួមជាតិចូលរួមគាំទ្រក្បាច់គុនល្បុក្កតោទាំងអស់គ្នា៕