(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់ដែលចាញ់បោកឧបាយកលក្រុមឧទ្ទាម ឱ្យវិលត្រឡប់ចូលមាតុប្រទេសវិញ ដោយមិនមានទោសពៃរ៍ ដើម្បីរួមរស់ជាមួយក្រុមគ្រួសារ ក្រោមដំបូលនៃសុខសន្តិភាព បន្ទាប់ពីផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំដោយមេឧទ្ទាម សម រង្ស៉ី បានបរាជ័យទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ។
នាពេលកន្លងទៅថ្មីៗនេះ ក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី បានកំណត់យកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំថ្ងៃនៃការប្រារព្ធខួបអនុស្សារីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ បានទទួលបរាជ័យទាំងស្រុង ខណៈសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋស្លូតត្រង់មួយចំនួនតូច បានចាញ់បោកការឃោសនានយោបាយ និងឧបាយកលពិសពុល របស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី ហើយបានចាកចេញទៅកាន់ប្រទេសទី២ ជាពិសេស ទៅព្រះរាជាណាចក្រថៃ ដើម្បីត្រៀមចូលរួមក្នុងអ្វីមួយដែលក្រុមឧទ្ទាមហៅថា ការអមដំណើរវិលត្រឡប់ចូលកម្ពុជារបស់ ទណ្ឌិត សម រង្ស៉ី។ ឆ្លៀតក្នុងឱកាសនេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាញ់ឧបាយកលបោកប្រាស់របស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្សី សូមវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីបន្តរួមរស់ជាមួយក្រុមគ្រួសារ និងសង្គមជាតិ ក្រោមដំបូលនៃសុខសន្តិភាព»។
រាជរដ្ឋាភិបាលកម្ពុជា បានយល់ច្បាស់ណាស់ថា ប្រការដែលប្រជាពលរដ្ឋអាចជាប់ពាក់ព័ន្ធនឹងបទល្មើស «រួមគំនិតក្បត់» គឺដោយសារការចាញ់បោកឧបាយកលនយោបាយ និងការលួងលោមអូសទាញពីសំណាក់ក្រុមឧទ្ទាមដឹកនាំដោយ ទណ្ឌិត សម រង្ស៉ី ដែលមានបំណងយកបងប្អូនដែលជាជនស្លូតត្រង់ ធ្វើជាឧបករណ៍នយោបាយ និងឈ្នាន់បញ្ឆេះកំហឹងសង្គម ដើម្បីសម្រេចមហិច្ឆិតាអំណាចរបស់ក្រុមខ្លួន ដោយមិនគិតពីការស្លាប់រស់ និងសុខទុក្ខរបស់បងប្អូន និងប្រទេសជាតិឡើយ។
រាជរដ្ឋាភិបាល មានជំនឿយ៉ាងមុតមាំលើទឹកចិត្តស្នេហាជាតិរបស់ប្រជាជនកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។
សូមបញ្ជាក់ថា ខណៈដែលក្រុមឧទ្ទាមប្រកាសធ្វើរដ្ឋប្រហារនេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស បានចូលរួមអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាល បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៀតថា៖ «ជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់ បានពីការចូលរួមចំណែកដ៏សំខាន់ និងមិនអាចខ្វះបានរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបាន បង្ហាញនូវសាមគ្គីភាពរឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសបានបង្ហាញនូវស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិខ្មែរ និងចំពោះរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា»៕
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩៖