(ភ្នំពេញ)៖ ភាពបរាជ័យរបស់លោក សម រង្ស៉ី ក្នុងការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ត្រូវបានអតីតសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិ លោក ហ៊ុន កុសល បញ្ជាក់ថា ដោយសារការមិនចូលរួមរបស់ក្រុមលោក កឹម សុខា និងការមិនគាំទ្រពីអន្តរជាតិ ព្រោះតែបំពានគោលការណ៍អតីតគណបក្សយ៉ាងធ្ងន់ធ្ងរពេក។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily ថ្មីៗនេះ លោក ហ៊ុន កុសល បានបញ្ជាក់អំពីការបែកបាក់របស់ក្រុមប្រឆាំងដែលជាមូលហេតុមួយជំរុញ ដល់ភាពបរាជ័យរបស់ លោក សម រង្ស៉ី ក្នុងការចូលមកកាន់ប្រទេសកម្ពុជា។ លោកលើកឡើងថា «កម្លាំងប្រឆាំងយើង មិនងាយរួមគ្នាបានទេ ដូចយើងឃើញបច្ចុប្បន្ននេះសួរថា ហេតុអ្វីលោក សម រង្ស៉ី នៅក្រៅការឃុំឃាំង ទៅជាបែកខ្ញែកគ្នាជា២ក្រុមយ៉ាងដូច្នេះ»។
លោកបានបញ្ជាក់ថា មូលហេតុដែលក្រុមប្រឆាំងបានបែកបាក់គ្នានេះ ដោយសារតែលោក សម រង្ស៉ី បំពានគោលការណ៍របស់អតីតគណបក្សសង្រ្គោះជាតិធ្ងន់ពេក។ លោក សម រង្ស៉ី បានបង្កើតចលនាសង្រ្គោះជាតិ ដែលជាចលនាឧទ្ទាមខុសច្បាប់ ធ្វើឱ្យអ្នកគាំទ្រ និងសកម្មជនអតីត CNRP មិនហ៊ានចូលរួមដោយសារ ពួកគេខ្លាចខុសច្បាប់។
លោកអះអាងទៀតថា នយោបាយរបស់ លោក សម រង្ស៉ី ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ក៏មិនទទួលបានការគាំទ្រពីអន្តរជាតិផងដែរ ដោយសូម្បីតែសហរដ្ឋអាមេរិក ក៏មិនបានគាំទ្រចំពោះចលនារបស់លោក សម រង្ស៉ី នោះទេ។
ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា ដើម្បីទាមទារទម្លាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញពីតំណែង។
ប៉ុន្តែទោះជាយ៉ាងនេះក្តី រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកពុំបានត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលលោកប្រកាសនោះទេ ហើយផ្ទុយទៅវិញលោក សម រង្ស៉ី បានប្រកាសពន្យារពេលដោយមិនកំណត់ ដោយប្រើប្រាស់លេសមួយចំនួន។
ការបរាជ័យរបស់ លោក សម រង្ស៉ី ត្រូវបានអ្នកគាំទ្រ និងសកម្មជនរបស់លោកវាយប្រហារយ៉ាងខ្លាំង ដោយចាត់ទុកថាជាមេដឹកនាំដែលនិយាយហើយតែមិនអាចធ្វើបាន ព្រមទាំងបានធ្វើឱ្យអ្នកគាំទ្រ ជាប់ពន្ធនាគារកាន់តែច្រើនថែមទៀតផង៕