(ថៃ)៖ បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ជាវិទ្យាស្ថានស្រាវជ្រាវដ៏ធំបំផុតលើពិភពលោក បានចាប់ដៃគូជាមួយ SCG តាមរយៈមជ្ឈមណ្ឌល សហប្រតិបត្តិការនវានុវត្តន៍ CAS (នៅទីក្រុងបាងកក) រួមគ្នាអភិវឌ្ឍ និងចែករំលែក ចំណេះដឹង លើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងវិស័យចំនួន៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន SCG ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកានេះ។
ការចែករំលែកចំណេះដឹងនោះ រួមមាន៖ ទីក្រុងឆ្លាត, AI/Machine Learning និងគ្រឿងយន្ត, សារធាតុគីមីដែលមានតម្លៃខ្ពស់, ធុរកិច្ចថាមពលថ្មី, និងបិរស្ថាន និងនិរន្តរភាព។ មជ្ឈមណ្ឌលនវានុវត្តន៍ SCG-CAS ICCB បានត្រូវបង្កើតឡើង មុនដំបូងគេបង្អស់ នៅប្រទេសថៃ ដើម្បី៖
* ជំរុញការផ្ទេរបច្ចេកវិទ្យា និងការផ្ដល់អាជ្ញាប័ណ្ណ
* ការស្រាវជ្រាវ និងបង្កើតនវានុវត្តន៍រួមគ្នា
* ការអភិវឌ្ឍធនធានមនុស្ស និងវិនិយោគរួមគ្នា ក្នុងគោលដៅជំរុញនវានុវត្តន៍
* បង្កើនភាពប្រកួតប្រជែង, និងលើកកម្ពស់នវានុវត្តន៍នៅក្នុងវិស័យសេវាកម្ម និងឧស្សាហកម្ម រវាងប្រទេសថៃ និងប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ និងនិន្នាការអនាគត។ គម្រោងដំបូងមានទឹកប្រាក់ វិនិយោគសរុបជាង១០០លានយ័ន (ប្រហែលជាង១៤លានដុល្លារអាមេរិក)។
លោក Roongrote Ransiyopash ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន SCG ឲ្យដឹងថា «SCG ដាក់ចេញនូវទស្សនវិស័យបង្កើតភាពជាដៃគូ ជាមួយបណ្ដាវិទ្យាស្ថាន និងអង្គការឈានមុខគេ ទាំងនៅក្នុងស្រុក និងទាំងនៅ ក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាព និងជំរុញការចែករំលែកចំណេះដឹង ដែលផ្ដល់លទ្ធភាពឲ្យ SCG អាចអភិវឌ្ឍផលិតផល និងសេវាកម្មបានលឿនរហ័ស និងកាន់តែមានប្រសិទ្ធផលជាងមុន ដើម្បីបំពេញតម្រូវការ របស់អតិថិជននៅទូទាំងតំបន់អាស៊ាន។ ឧទាហរណ៍រួមមាន៖ ការវេចខ្ចប់ ដែលតម្រូវទៅតាមបែបផែនរស់នៅដ៏សម្បូរបែប និងផាសុកភាពរបស់អតិថិជន, ជ័រប្លាស្ទិកគុណភាពខ្ពស់ដែលផលិតដោយប្រើវត្ថុធាតុដើមតិច, និងដំណោះស្រាយផ្នែកសំណង់។
លោកបន្ដទៀតថា ភាពជាដៃគូជាយន្តការដ៏សំខាន់មួយ ដើម្បីពង្រឹងក្រុមហ៊ុននានា ដូចដែលឆ្លុះបញ្ចាំងនៅក្នុងចំណូលកើនឡើងនៅក្នុងឆ្នាំ២០១៨ ពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) ដែលសម្រេចបានទឹកប្រាក់សរុប១៨៤,៩៦៥លានបាត ឬ៣៩% នៃចំណូលសរុបពីការលក់ ខណៈដែលការចំណាយលើការស្រាវជ្រាវ និងនវានុវត្តន៍ មានទឹកប្រាក់សរុបចំនួន៤,៦៧៤លានបាត ឬត្រឹមតែ១% នៃចំណូលសរុបពីការលក់ប៉ុណ្ណោះ។
ក្រុមហ៊ុន SCG រីករាយបំផុតដែលបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) ដែលជាវិទ្យាស្ថានស្រាវជ្រាវដ៏ធំមួយ ដើរតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសចិន បានបង្កើតភាពជាដៃគូជាមួយ SCG ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ CAS ប្រចាំទីក្រុងបាងកក ចាប់តាំងពីឆ្នាំ២០១៨។
គោលដៅ នៃកិច្ចប្រឹងប្រែងរួមនេះ គឺពន្លឿនបច្ចេកវិទ្យាថ្មីៗដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារថ្មីៗ តាមរយៈសកម្មភាពនានាដូចជា ទស្សនកិច្ចសិក្សានៅតាមវិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនបច្ចេកវិទ្យា, ការរុករកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីៗ ដែលត្រូវនឹងតម្រូវការដ៏សម្បូរបែប និងការធ្វើតេស្តសាកល្បងនវានុវត្តន៍នានាដូចជា Sensor/IoT, អគារ និងរោងចក្រឆ្លាត, និងការគ្រប់គ្រងការបំពុលខ្យល់។
ដើម្បីពង្រីកសហប្រតិបត្តិការ និងផ្ដល់លទ្ធភាពដល់ SCG អាចចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងប្រភពបច្ចេកវិទ្យាឈានមុខគេរបស់ចិន ដែលនឹងជួយលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍សម្រាប់វិស័យធុរកិច្ច និងឧស្សាហកម្ម សម្រាប់ទាំងប្រទេសថៃ និងទាំងប្រទេសចិន រួមជាមួយនឹងការធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាជនក្នុងសង្គមជាតិ, អនុស្សរណៈនៃការយោគយល់ (MoU) មួយត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈ CAS ICCB។ ពិធីចុះហត្ថលេខានេះ មានការចូលរួមធ្វើជាសាក្សីដោយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុត ចាន់អូចា និងនាយករដ្ឋមន្ត្រីចិន លោក លី កឺឈៀង។
លោកបណ្ឌិត Jiang Biao នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ CAS ប្រចាំក្រុងបាងកក បានបន្ថែមថា «CAS ICCB ជាសាខាមួយក្នុងចំណោមសាខាក្រៅប្រទេសចំនួន៩ របស់ CAS ដែលដើរតួនាទីសំខាន់ នៅក្នុងការស្វែងរក និងបង្កើតភាពជាដៃគូជាមួយអង្គការឈានមុខគេនានា នៅក្រៅប្រទេស ដើម្បីបង្ហាញពីការងារវិទ្យាសាស្ត្ររបស់ CAS។ CAS មានវិទ្យាស្ថានស្រាវជ្រាវជាង១០០កន្លែង និងមានអ្នកស្រាវជ្រាវ និងសមាជិកក្រុមសរុបប្រមាណ ៧០,០០០នាក់ ព្រមទាំងមានបណ្ដាញអ្នកស្រាវជ្រាវជាន់ខ្ពស់៨០០នាក់ និងសាកលវិទ្យាល័យដៃគូសហការចំនួន៣»។
លោកបានបន្ថែមថា «ថ្ងៃនេះយើងរីករាយណាស់ដែលបានកសាង ជាវេទិកាមួយដែលអាចភ្ជាប់ SCG ក្រុមហ៊ុនឈានមុខគេផ្នែកនវានុវត្តន៍នៅក្នុងប្រទេសថៃ និងអាស៊ានទៅនឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍ នៅឯ CAS និងបណ្ដាញផ្សេងទៀតនៅក្នុងប្រទេសចិន។ ភាពជាដៃគូនេះផ្ដោតសំខាន់លើ វិស័យអនាគតចំនួន៥រួមមាន៖ ១៖ ទីក្រុងឆ្លាត, ឧទាហរណ៍ អគារឆ្លាត, ការគ្រប់គ្រងថាមពល, ២៖ AI/Machine Learning និងគ្រឿងយន្ត, ៣៖ សារធាតុគីមីដែលមានតម្លៃខ្ពស់, ៤៖ ធុរកិច្ចថាមពលថ្មី ឧទាហរណ៍ ថាមពលកកើតឡើងវិញ, ប្រព័ន្ធរក្សាទុកថាមពល និង៥៖ បរិស្ថាន និងនិរន្តរភាព»។
លោកបញ្ជាក់ថា វិស័យទាំងនេះត្រូវបានរំពឹងថា នឹងមានសក្ដានុពលកំណើនខ្ពស់ ដែលឆ្លើយតបនឹងតម្រូវការ សម្បូរបែបរបស់អតិថិជននៅទូទាំងពិភពលោក និងរួមចំណែកដល់ការអភិវឌ្ឍធុរកិច្ចរបស់ SCG នៅក្នុងគ្រប់វិស័យសំខាន់ៗទាំងអស់។ CAS ICCB មានជំនឿមុតមាំថា ភាពជាដៃគូនេះនឹងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដែលនឹងផ្ដល់ផលប្រយោជន៍ ដល់វិស័យសេវាកម្ម និងឧស្សាហកម្មថៃ-ចិន ដែលរុញច្រានដោយការពិសោធន៍ទីផ្សារលើនវានុវត្តន៍ថ្មីៗ នៅក្នុងប្រទេសសមាជិកអាស៊ានឈានមុខគេដូចជា ប្រទេសថៃ។
ភាពជាដៃគូនេះ ស្របទៅតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) ដោយគម្រោងបឋមមាន ទឹកប្រាក់វិនិយោគ១០០លានយ័ន ឬប្រហែល៥០០លានបាត។ ថវិកាគម្រោងនេះ នឹងប្រើប្រាស់ សម្រាប់ការចំណាយលើអ្នកស្រាវជ្រាវ បច្ចេកវិទ្យា ទីកន្លែង និងឧបករណ៍ពិសោធន៍ ជាមួយនឹងការរំពឹងប្រាក់ចំណេញមកវិញ ពីការបង្កើតនវានុវត្តន៍។
កិច្ចសហប្រតិបត្តិការរវាង SCG និងមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ CAS ប្រចាំក្រុងបាងកក រួមមានដូចខាងក្រោម៖
១៖ ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ SCG-CAS ICCB នៅឯអគារ D នៃ INC2 Tower នៅក្នុងទីភ្នាក់ងារជាតិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងឧទ្យានវិទ្យាសាស្ត្រថៃ នៅខេត្ត Pathum Thani។ មជ្ឈមណ្ឌលនេះ នឹងប្រើប្រាស់ទីធ្លានៃមជ្ឈមណ្ឌលនវានុវត្តន៍បើកទូលាយ របស់ SCG និងក្លាយជាទីតាំងសម្រាប់ការតាំងពិព័រណ៍នវានុវត្តន៍នានា និងសន្និសីទស្រាវជ្រាវផ្សេងៗ។
ទីតាំងនេះ នឹងបម្រើជាមន្ទីរពិសោធន៍ R&D និងជាការិយាល័យសម្រាប់កិច្ចសហប្រតិបត្តិការ R&D រវាង SCG និង CAS ព្រមទាំងអ្នកស្រាវជ្រាវរបស់ CAS។ ក្រៅពីនេះទីតាំងដដែល នឹងបើកទូលាយ ដល់ការបង្កបង្កើត និងការបណ្ដុះបណ្ដាលអាជីវកម្មចាប់ផ្ដើមថ្មី (start-up) ដើម្បីគាំទ្រសហគ្រិនថ្មីថ្មោង របស់ចិនឲ្យធ្វើអាជីវកម្មនៅក្នុងអាស៊ាន ជាមួយ SCG ក្នុងទម្រង់ជាការពិគ្រោះយោបល់ ការអភិវឌ្ឍគម្រោងរួមគ្នា ឬការសាកល្បងទីផ្សារ និងការពង្រីកនវានុវត្តន៍ដែលបានបង្កើតឡើង។
២៖ ប្រើប្រាស់បច្ចេកវិទ្យារបស់ CAS ឬបណ្ដាញអាជីវកម្មចាប់ផ្ដើមថ្មី (startup) នៅក្រោម CAS ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រទេសថៃ តាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្ដល់អាជ្ញាប័ណ្ណ ឬការការអនុវត្តបច្ចេកវិទ្យាទាំងនេះ នៅក្នុងដំណោះស្រាយថ្មីៗរបស់ SCG។ ស្នើសុំអាជ្ញាប័ណ្ណសម្រាប់បច្ចេកវិទ្យា ទ្រព្យកម្មសិទ្ធិបញ្ញាជាក់លាក់របស់ CAS ដើម្បីអភិវឌ្ឍនវានុវត្តន៍មួយចំនួនបន្ថែមទៀតដូចជា ការប្រើប្រាស់បច្ចេកវិទ្យា Sensor/IoT ពី CAS ដើម្បីអភិវឌ្ឍដំណោះស្រាយថ្មីៗរបស់ SCG ឧទាហរណ៍ អគារឆ្លាត ឬការតាមដានភាពអាចជឿជាក់បានរបស់រោងចក្រ។
៣៖ គម្រោងស្រាវជ្រាវរួមគ្នា SCG-CAS ដើម្បីអភិវឌ្ឍបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការនៃ អង្គភាពអាជីវកម្មស្នូលរបស់ SCG។
៤៖ ដើរតួនាទីជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សរបស់ថៃ និងចិន ដែលផ្ដល់ការបណ្ដុះបណ្ដាលអប់រំជាន់ខ្ពស់ ឬវគ្គបណ្ដុះបណ្ដាលខ្លីៗ ក្នុងទម្រង់ជាការចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ ឬសិក្ខាសាលាដែលផ្ដល់ដោយអ្នកជំនាញរបស់ SCG និង CAS ឬដៃគូនានា។
៥៖ បង្កើតគម្រោងវិនិយោគរួមគ្នា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានសក្ដានុពលពាណិជ្ជកម្មខ្ពស់ក្នុងប្រទេសចិន ឬស្វែងរកលទ្ធភាពនៅក្នុងការបង្កើតមូលនិធិ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍រួមគ្នានៅក្នុងតំបន់អាស៊ាន។
លោក Roongrote បន្ថែមថា «SCG មានក្ដីសង្ឃឹមមុតមាំថា ភាពជាដៃគូនេះនឹងផ្ដុំឥទ្ធិពលនៃបច្ចេកវិទ្យា និងនវានុវត្តន៍របស់ស្ថាប័នទាំងពីរនេះ ដែលនឹងចែករំលែក និងបំពេញបន្ថែមគ្នាលើផ្នែកធនធាន និងបង្កើតជាប្រព័ន្ធ អេកូឡូស៊ីអាជីវកម្មទូលំទូលាយ ដើម្បីអភិវឌ្ឍផលិតផលនិងសេវាកម្មដែលមាននវានុវត្តន៍ ដើម្បីបំពេញទៅតាមសេចក្ដីត្រូវការដ៏សម្បូរបែបរបស់អតិថិជន ឲ្យបានកាន់តែលឿនរហ័ស និងមានប្រសិទ្ធផលថែមទៀត។ ភាពជាដៃគូនេះ នឹងលើកកម្ពស់ភាពប្រកួតប្រជែង និងកសាងកំណើនដែលមាននិរន្តរភាព សម្រាប់ធុរកិច្ចស្នូលរបស់ SCG ព្រមទាំងអនុញ្ញាតឲ្យ SCG អាចរុករកឱកាសធុរកិច្ចថ្មីៗ ដែលនឹងពង្រឹងទំនាក់ទំនងរវាងប្រទេសថៃ និងប្រទេសចិនបន្ថែមទៀត»៕