(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រគល់ដាក់ឲ្យ ប្រើប្រាស់ឡើងវិញ នូវផ្លូវក្រាលគ្រួសល្បាយថ្មភ្នំ១ខ្សែ ដែលទើបបានបញ្ចប់ការជួសជុល និងកែលម្អឡើងវិញ បន្ទាប់ពីរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងទៅ ស្ថិតនៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំ កសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។
លោកថា ជាក់ស្តែងផ្លូវលំ១ខ្សែនេះ ដោយមើលឃើញពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិបាកក្នុងការធ្វើដំណើរ ទើបមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន បានខិតខំស្វះស្វែងរកប្រភពថវិកា ដើម្បីមកធ្វើការជួសជុលកែលម្អឡើងវិញ ព្រមទាំងជួយសម្រួលឲ្យមានប្រឡាយ និងប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា ដែលតែងតែជនលិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការជួសជុល និងកែលម្អឡើងវិញ ផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួល ដល់ការដឹកកសិផលទៅលក់នៅទីផ្សារ និងសិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។
ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមជួយថែរក្សា ដើម្បីធានាឲ្យការប្រើប្រាស់បានយូរអង្វែង ហើយបើមានលទ្ធភាព លោកនឹងកែប្រែផ្លូវនេះ ទៅជាផ្លូវកៅស៊ូតែម្តងនាពេលខាងមុខ។
សូមបញ្ជាក់ថា ផ្លូវលំក្រាលក្រួសល្បាយថ្មភ្នំ១ខ្សែ ដែលប្រគល់ដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺមានប្រវែង៩០០ម៉ែត្រ ទទឹង៧ម៉ែត្រ ជីកប្រឡាយរំដោះទឹកប្រវែង១,៥០០ម៉ែត្រ ស្ថាបនាប្រឡាយរៀបដុំបេតុង ប្រវែង១០០ម៉ែត្រ ស្ថាបនាជើងទេរៀបដុំបេតុងទំហំ៨៤ម៉ែត្រការ៉េ និងដាក់លូទោលមុខកាត់០១ម៉ែត្រ ចំនួន០១កន្លែង។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ផាន់ ចាន់ធុល ក៏បានឧបត្ថម្ភដល់បងប្អូនជនពិការចំនួន១១នាក់ ដោយក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀលផងដែរ៕