(កំពង់ធំ)៖ សិស្សនុសិស្សមកវិទ្យាល័យ និងអនុវិទ្យល័យចំនួន៣ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានស្ម័គ្រចិត្តចូលមកទទួលការអប់រំសីលធម៌ ចរិយាធម៌បែបព្រះពុទ្ធសាសនា ដើម្បីពង្រីកសមត្ថភាព និងចំណេះបន្ថែមលើចំណេះដឹងទូទៅដែលពួកគេបាន និងកំពុងសិក្សារៀនសូត្រ។
កម្មវិធីអប់រំសីលធម៌ ចរិយាធម៌ព្រះពុទ្ធសាសនានេះបានរៀបចំឡើង នៅព្រឹកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមការជួយឧបត្ថម្ភគាំទ្រពីសំណាក់លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ក្រោមកិច្ចសហការពីលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។
លោក សុខ លូ បានចាត់ទុកកម្មវិអំធីអប់រំ ដល់សិស្សានុសិស្សថ្ងៃនេះថា មានសារសំខាន់ក្នុងការរួមចំណែក ជួយដល់សិស្សានុសិស្សកាន់តែមានការយល់ដឹងខ្ពស់មួយកម្រិតទៀត សម្រាប់កសាងខ្លួនឲ្យក្លាយខ្លួន ជាធនធានមនុស្សដែលមានសមត្ថភាពប្រកបដោយចំណេះដឹង និងមានថាមពលជាទីមោទនភាព របស់ក្រុមគ្រួសារ និងសង្គមជាតិសម្រាប់ទឹកដីខេត្តកំពង់ធំ។
លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងនាថ្ងៃនេះគឺដើម្បីអប់រំ និងពង្រឹងសមត្ថភាពព្រមទាំងឲ្យស្គាល់ពី តម្លៃនៃការសិក្សា និងតម្លៃនៃជីវិត ក្នុងនោះក៏មានគោលបំណងឲ្យពួកគេ ដែលជាអ្នកបន្តវេនប្រទេសជាតិ បានតម្រង់ទិសក៏ដូចការរៀបចំអនាគតរបស់ពួកគេបានល្អ និងចំទិសដៅ។
លោក ខៀវ ស៊ីណា ស្រីក៏ចង់ឃើញយុវជន និងមនុស្សជំនាន់ក្រោយៗបានស្គាល់ពី បុណ្យបាបគុណទោស និងអំពីគុណតម្លៃរបស់មាតា បិតា ដែលខិតខំថែរក្សាបីបាច់តាំងពីតូចក្រូចឆ្មា រហូតពេញវ័យនោះផងដែរ។ ពិសេសចង់ឃើញយុវជនគ្រប់ៗរូបចេះគោរព និងប្រតិបត្តិចំពោះព្រះពុទ្ធសាសនា និងព្រះសង្ឃបានល្អត្រឹមត្រូវផងដែរ។
លោកស្រីបានសម្ដែងក្ដីសង្ឃឹមថា តាមរយៈការអប់រំសីលធម៌ចរិយាធម៌នេះដែរ នឹងធ្វើឲ្យសិស្សទាំងស្គាល់ពី ករណីកិច្ចរបស់កូនគ្រប់ៗរូប ដែលត្រូវប្រកាន់ឲ្យយក ដើម្បីធ្វើឲ្យជីវិតរស់នៅប្រកបដោយសុភមង្គល, ថ្លៃថ្នូរ និងមានប្រយោជន៍សម្រាប់ គ្រួសារ និងសង្គមជាតិនោះគឺជាកូនល្អ សិស្សល្អ និងមនុស្សល្អ របស់សង្គមជាតិ។
ជាមួយនេះលោកស្រី ខៀវ ស៊ីណា ក៏បានក្រើនរំលឹកឲ្យសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំ រៀនសូត្រទ្វេរឡើងទៀត ដើម្បីតបស្នងគុណចំពោះអ្នកមានគុណទាំង២ និងសង្គមជាតិវិញ។
ដោយឡែកក្នុងឱវាទរបស់សម្ដេចព្រះពិជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃប្រទេសកម្ពុជាមានសង្ឃដីកាថា កម្មវិធីទស្សនទាន តាមរយៈព្រះពុទ្ធសាសនានេះមានសារៈសំខាន់ និងតម្លៃណាស់សម្រាប់យុវវ័យគ្រប់ៗរូប ដែលស្ថិតក្នុងវ័យកំពុងសិក្សាទាំងអស់ ដើម្បីឲ្យពួកគេកាន់តែមានការយល់ដឹងពី តម្លៃនៃសិក្សារៀនសូត្រ, បុណ្យ, បាប, គុណទោស និងប្រព្រឹត្តិល្អ អាក្រក់ និងបានគេចផុតពីអំពើឧបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។
ជាមួយនេះសម្ដេចព្រះពិជ័យមុនីបានផ្ដាំផ្ញើរ ដល់សិស្សានុសិស្ស ទាំងអស់គប្បីត្រូវជ្រើស និងសេពគប់មិត្តភក្ត្រិដែលនាំមកប្រយោជន៍ សេចក្ដីថ្លៃថ្នូរ និងមិននាំនូវទុក្ខភ័យដល់ខ្លួន។ ជាមួយនេះព្រះអង្គក៏បានបំផុស ស្មារតីយុវជនដែលជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិត្រូវតែមានឆន្ទះ និងមានមនសិការភ្ញាក់រលឹក ក្នុងការចូលរូមថែរក្សាការពារ និងលើកស្ទួយតម្លៃវប្បធ៌ម និងសីលធម៌សង្គមខ្មែរឲ្យបានល្អផូរផង់ និងគង់វង្សគ្រប់ៗជំនាន់៕