(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋបានសម្តែងការសប្បាយរីករាយឥតឧបមា ដោយសារផ្លូវក្នុងភូមិធ្លាប់មានជង្ហុកមិនស្អាត ឥលូវត្រូវបានរដ្ឋបាលខេត្តកណ្ដាល បើកការដ្ឋានសាងសង់ជាផ្លូវបេតុងជូនពួកគាត់។
ផ្លូវបេតុងដែលបើកការដ្ឋានស្ថាបនានេះ មានចំនួន២ខ្សែ សរុបប្រវែង ២៦០០ម៉ែត្រ ដែលស្ថិតនៅភូមិទួលខ្មួញ មានប្រវែង ១៦០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងភូមិព្រែកថ្មី ប្រវែង១០០០ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
ស្ថិតនៅក្នុងពិធីបើកការដ្ឋាននាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានថ្លែងថា ការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ គឺកើតឡើងដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាព នយោបាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដ៏ឆ្នើម។
លោកបន្តថា ដោយមើលឃើញពីការលំបាកក្នុងការធើ្វដំណើរ និងដោយមានការសំណូមពរពីប្រជាពលរដ្ឋ ទើបរដ្ឋបាលខេត្តកណ្ដាល បានសាងសង់ផ្លូវបេតុមួយខ្សែ បានសាងសង់ផ្លូវបេតុងនេះឡើង ដើម្បីកាត់បន្ថយការលំបាក និងធើ្វឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាប្រជាកសិករងាយស្រួល ដឹកកសិផលមកលក់នៅលើទីផ្សារផងដែរ។ ការបើកការដ្ឋានស្ថាបនាផ្លូវបេតុងនេះ ជាថវិកាគុណប្រយោជន៍ខេត្ត ឆ្នាំ២០១៩។
ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ៅ ភិរុណ បានសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុង ត្រូវចូលរួមសហការតាមដានការអនុវត្តគម្រោង និងយោគយល់ដល់ក្រុមការងារដែល កំពុងតែសាងសង់ផ្លូវបេតុងទាំង២ខ្សែនេះ។ ចំណែកក្រុមហ៊ុនដែលទទួលការសាងសង់ត្រូវស្ថាបនាប្រកបដោយគុណភាព ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់រយៈពេលយូរអង្វែង។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្តល់ព័ត៌មានផ្សេងៗ ពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុខសញ្ញានិងបទល្មើសដែលបង្កជាអសន្តិសុខសង្គម។ លោកក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្ម នៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៉ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។
លោក ម៉ៅ ភិរុណ ថែមទាំងបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាកម្ចាត់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀន ព្រោះការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន ត្រូវមានការសហការ ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕