(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ក្រាប និងឃាត់ខ្លួនបុរសជនជាតិចិន ២នាក់ ពីបទចាប់បង្ខាំងបុរសជនជាតិចិនដូចគ្នា ៤នាក់ផ្សេងទៀត ដោយចាប់ជំរិតទារប្រាក់ដោយប្រើទារុណកម្មយ៉ាងព្រៃផ្សៃ នៅភូមិ១ សង្កាត់ លេខ០១ ក្រុង-ខេត្តព្រះសីហនុ។
មន្ត្រីអាវុធហត្ថខេត្តបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News កម្លាំងអាវុធហត្ថក្រោមការបញ្ជា និងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងតំបន់សឹក រងខេត្តព្រះសីហនុ បានចុះបង្ក្រាប និងអន្តរាគមន៍ឃាត់ខ្លួនបានជនជាតិចិនចំនួន ២នាក់ ដែលជាប់ពាក់ព័ន្ធការបង្ខាំងមនុស្សដោយខុសច្បាប់។
មន្ត្រីអាវុធហត្ថរូបនោះ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះកម្លាំងអាវុធហត្ថបាន នាំខ្លួនជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាងជាច្រើន យកទៅកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនជាតិចិនចំនួន ៤នាក់ ហើយជនទាំងនោះសុទ្ធតែមានស្នាមរបួសជាច្រើន ដោយសារការធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃ ពីជនសង្ស័យខាងលើ៕