(ក្រចេះ)៖ ជារឿងគួរឱ្យសោកស្ដាយជាខ្លាំង ដែលផ្សោតទន្លេមេគង្គមួយក្បាលទៀតបានស្លាប់នៅអន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយសារជាប់មងត្រង់កន្ទុយ។ ផ្សោតនេះមានទម្ងន់ ១១០គីឡូក្រាម និងមានប្រវែង ២.២៧ម៉ែត្រ

បើតាមលោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា ផ្សោតនេះប្រហែលជាស្លាប់នៅថ្ងៃទី១១ ខែវិច្ឆិកា ហើយនៅថ្ងៃទី១២ ទើបអណ្ដែតឡើងលើផ្ទៃទឹកទន្លេ ខណៈនោះឆ្មាំទន្លេប្រចាំប៉ុស្តិ៍កាំពីក៏ប្រទះឃើញតែម្ដង។

លោកប្រធានមន្ទីរបានបន្តថា វាមានទង្ងន់ប្រមាណ ១១០គីឡូក្រាម និងមានប្រវែង ២.២៧ម៉ែត្រ ហើយនៅពេលស្លាប់មានសភាពហើមធ្លាយពោះ។

បើតាមលោក ជួប រតនា មងដែលជាប់លើកន្ទុយផ្សោតនោះ គឺប្រហែលជាមងដែលរសាត់អណ្ដែតតាមទន្លេនៅពេលទឹកឡើង ដោយលោកអះអាងថា ប្រជាពលរដ្ឋនៅតំបន់នោះក៏មានការយល់ដឹងច្រើនដែរអំពីការអភិរក្សសត្វផ្សោត និងអត្ថប្រយោជន៍នានារបស់ផ្សោត ដូច្នេះពួកគាត់មិនដាក់មងនៅតំបន់ដែលមានផ្សោតរស់នៅឡើយ ប៉ុន្តែមូលហេតុច្បាស់លាស់យ៉ាងណានោះ គឺមិនទាន់ត្រូវបានសន្និដ្ឋាននៅឡើយទេ។

ពាក់ព័ន្ធការសោកស្ដាយនេះ លោក ជួប រតនា ក៏បានបង្ហាញព័ត៌មានបន្ថែមទៀតថា ចំនួនផ្សោតសរុបដែលបានចុះបញ្ជីនៅឆ្នាំ២០១៧ មានចំនួន ៩២ក្បាល ក្នុងនោះក្រចេះមានចន្លោះពី ៥៨-៦៣ក្បាល។

ដោយមានការបញ្ជាក់ពីអង្គការ WWF នៅឆ្នាំ២០១៩ សត្វផ្សោតទន្លេមេគង្គមានការកើនឡើងចំនួន ៩ក្បាលទៀត ក្នុងនោះនៅខេត្តក្រចេះកើនឡើងចំនួន ៥ក្បាល។ ប៉ុន្ដែមកដល់ពេលនេះ សត្វផ្សោតបានស្លាប់អស់៥ក្បាលទៅហើយ ក្នុងនោះក្រចេះស្លាប់អស់ ៣ក្បាល បើគិតទាំងផ្សោតដែលទើបនឹងស្លាប់នេះ។

លោក ជួប រតនា បានបន្ថែមទៀតថា មន្ទីរទេសចរណ៍បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីខិតខំធ្វើយ៉ាងណាបន្តកិច្ចការអភិរក្ស រៀបចំ និងផ្សព្វផ្សាយពីសក្តានុពលរបស់សត្វផ្សោតបន្ថែមទៀត ដោយគ្រោងនឹងរៀបចំឱ្យមានសារមន្ទីរផ្សោតមួយនៅខេត្តក្រចេះ បង្ហាញពីជីវសាស្ត្រ ការរស់នៅ ហានិភ័យ និងអត្ថប្រយោជន៍របស់សត្វកម្រប្រភេទនេះផងដែរ៕