(ភ្នំពេញ)៖ រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តកំពតទាំងមូលទទួលបានភ្ញៀវទេសចរទៅទស្សនាជិត ១០ម៉ឺននាក់ កើនឡើង ០.២៣% បើធៀបនឹងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០១៨, នេះបើតាមការបញ្ជាក់របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

លោកបានថ្លែងយ៉ាងដូច្នេះថា «កំលុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ខេត្តកំពតទាំងមូលទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន ៩០,៧៤០នាក់ កើនឡើង ០.២៣%»

ក្នុងចំណោមភ្ញៀវទេសចរទាំង ៩០,៧៤០នាក់នោះ រួមមាន៖ ភ្ញៀវជាតិចំនួន ៩០,៥២៣នាក់ កើនឡើង ០.២៤% និងភ្ញៀវអន្តរជាតិចំនួន ២,៥១៩នាក់ កើនឡើង ០.០៨%។

លោក សយ ស៊ីណុល បានបន្តថា ចំពោះស្ថានភាពទូទៅ សន្តិសុខ សណ្តាប់ធ្នាប់ទូទៅ គឺមានការប្រព្រឹត្តទៅដោយរលូន ពោលពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ៕