(បាត់ដំបង)៖ ក្រុមហ៊ុនធំៗចំនួន៥០ បានប្រកាសជ្រើសរើសបុគ្គលិកជាច្រើនកន្លែង និងច្រើនមុខតំណែង នៅក្នុងពិព័រណ៍ការងារ និងផលិតភាពខេត្តបាត់ដំបង នាថ្ងៃទី០៦- ០៧ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ១៨៖០០នាទីល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិព័រណ៍ការងារនេះ មានរយៈពេល២ថ្ងៃនេះ ត្រូវបានរំពឹងថានឹងមានអ្នកចូលរួមទស្សនាពីយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារជាង ៤ពាន់នាក់។ ក្រៅពីទទួលបាន ឱកាសការងារតាមរយៈការដាក់ពាក្យ និងសម្ភាសភ្លាមៗ អ្នកចូលរួមក៏នឹងមានឱកាសទទួលបានការណែនាំអាជីព បទពិសោធន៍ ជំនាញទីផ្សារការងារកំពុងត្រូវការ និងឱកាសបណ្តុះបណ្តាលគ្រប់ប្រភេទ ទទួលបានគំនិត ជំនាញ ចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនល្បីៗក្នុងសិក្ខាសាលាផងដែរ។
ដូច្នេះសាធារណ ជន ជាពិសេស យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារទាំងអស់នៅក្នុងខេត្តបាត់ដំបង កុំភ្លេចចូលរួមហើយត្រៀម CV ដើម្បីដាក់ពាក្យ ស្វែងរកការងារ និងទទួលបានចំណេះបន្ថែមអំពីព័ត៌មានទីផ្សារការងារនៅកម្ពុជា។ ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការពីសាលាខេត្តបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបាត់ដំបង ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការ Finn Church Aid (FCA) និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង។
សម្រាប់មន្ទីរ ស្ថាប័ន និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ អ្នកស្វែងរកការងារធ្វើ និងសាធារណជន ដែលមានបំណងចូល រួមតាំងបង្ហាញស្លាកសញ្ញា ឱកាស ការងារជ្រើសរើសកម្លាំងពលកម្ម និងស្វែងរកការងារ សូមធ្វើការទាក់ទងសួរព័ត៌មាន ពិស្តារ អំពីព្រឹត្តិការណ៍ ពិព័រណ៍ការងារនេះ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខទូរស័ព្ទ ០១៧ ៨៦៧ ៤២៣ ឬចូលមើលគេហទំព័រ www.event.nea.gov.kh ៕