(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ចប់ប្រកបដោយបរិយាកាស សប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ការសប្បាយរីករាយនេះ កើតចេញពីតម្លៃសន្តិភាព បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាពសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យមានឱកាសបានសប្បាយរីករាយ នៅទូទាំងប្រទេស និងសូមអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ឋនានា រួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូពេទ្យ សិល្បករ សិល្បការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមចំណែក នៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ ជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយ ប្រកបដោយភាពអធិកអធម្មបំផុត។
សម្តេចតេជោ ក៏បានជូនពរឲ្យការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយយុវជន និងកូនក្មួយកម្មករកម្មការនី មានសុខសុវត្ថិភាពតាមផ្លូវ ពេលវិលត្រឡប់មកកាន់លំនៅដ្ឋាន និងកន្លែងធ្វើការរៀងៗខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន និងភ្ញៀវទេសចរអន្តរជាតិ បានយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាព ក៏ដូចជាកេរ្ត៍ដំណែលនៃទំនៀមទម្លាប់ប្រពៃណី ដ៏ល្អឯករបស់កម្ពុជាយើង។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
ខ្ញុំសូមអរគុណដល់សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាពសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យមានឱកាសបានសប្បាយរីករាយ នៅទូទាំងប្រទេស។ ខ្ញុំក៏សូមអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ឋនានារួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូពេទ្យ សិល្បករ សិល្បការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមចំណែក នៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ ជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយ ប្រកបដោយភាពអធិកអធម្មបំផុត។ ការចូលរួមរបស់បងប្អូន គឺកំពុងជំរុញឲ្យសង្គមកម្ពុជា យើងកាន់តែរីកចម្រើនទៅមុខ។
សូមជូនពរឲ្យការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយយុវជន និងកូនក្មួយកម្មករកម្មការនី មានសុខសុវត្ថិភាពតាមផ្លូវពេលវិលត្រឡប់មកកាន់លំនៅដ្ឋាន និងកន្លែងធ្វើការរៀងៗខ្លួន របស់កូនក្មួយទាំងអស់គ្នា»៕