(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី០៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានប្រជាពលរដ្ឋមកកម្សាន្តសប្បាយជិត ៣លាននាក់ ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ។
បើតាមរបាយការណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន សភាពការណ៍នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី០៣ មានទូកចូលរួមប្រកួតចំនួន ២៩៧ទូក (ទូកអន្តរជាតិចំនួន ៩៧ទូក ស្រី ២ទូក) ក្នុងនោះ៖ ទូកអុំចំនួន ១៦៨ទូក (ស្រី ១ទូក), ទូកចែវចំនួន ៣២ទូក (ស្រី ២ទូក), ទូកអន្តរជាតិ ៩៧ទូក (ស្រី ២ទូក) និងចំណុះទូកសរុប ១៩.២១៤នាក់ (ស្រី ២៧៣នាក់)។
ពិនិត្យជារួមនៅថ្ងៃទី០៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រពលរដ្ឋមកចូលរួមកំសាន្តសប្បាយ ប្រមាណ ២,៧លាន/២,១លាននាក់ (ធៀបឆ្នាំ២០១៨) ។
របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានកត់សម្គាល់ថា៖
១៖ សភាពការណ៍បទល្មើសព្រហ្មទណ្ឌ៖ កើតឡើង ២លើក គឺលួច ២លើក (A6,A4) បណ្តាលឲ្យបាត់ទឹកប្រាក់ចំនួន ៥០០ដុល្លាអាមេរិក អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ និងទូរស័ព្ទ ១គ្រឿង។ ករណីខាងលើ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១នាក់ ដកហូតទូរស័ព្ទ ១គ្រឿង និងបានប្រគល់ជូនម្ចាស់វិញ(A4)។
២៖ សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ កើតឡើងចំនួន ៦លើក ក្នុងនោះ៖
*លិចទូក ១លើក ស្មើ ១ទូក (410) ជួយសង្គ្រោះកីឡាករបានទាំងអស់ ពុំមានគ្រោះថ្នាក់។
*ខ្យល់គរ ៤លើក ស្មើ ៤នាក់(A10 ២នាក់, A8, A7) បញ្ជូនទៅមន្ទីពេទ្យសង្គ្រោះបានទាន់ពេល។
*នៅតំបន់ A5 មានករណីអគ្គីភ័យកើតឡើង ១លើក នៅក្រសួងធម្មការនិងសាសនា (បន្ទប់ប្រធាននាយកដ្ឋានពុទ្ធសាសនបណ្ឌិត) ខូចខាតសម្ភារមួយចំនួន ប៉ុន្តែមិនបង្កឲ្យមានរបួសស្នាម (ឆ្លងចរន្តអគ្គីសនី)។ ករណីនេះសមត្ថកិច្ចបានជួយសង្គ្រោះទាន់ពេលវេលា។
*លទ្ធផលអន្តរាគមន៍ និងសង្គ្រោះ
-ជួយសង្គ្រោះក្នុងវង្វេងគ្រូសាចំនួន ១២លើក = ១២នាក់។
-បានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺ ៤.៦១៦នាក់ (ស្រី ១.៥១៧នាក់) និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះចំនួន ៧នាក់ (ស្រី១)។
-បានចុះផ្សព្វផ្សាយអប់រំស្តីពី ការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយាន្តដ្ឋាន ផ្ទះសំណាក់ ផ្ទះជួល ភោជនីយដ្ឋាន ហាងលក់ខោអាវ... បានចំនួន ១៤៦កន្លែង និងចែកខិត្តប័ណ្ណ ជូនប្រជាពលរដ្ឋ អាជីវករចំនួន ២៤២សន្លឹក៕