(ម៉ាឡេស៉ី)៖ ក្នុងអំឡុងពេលនៃការចូលរួមសន្និសីទប្រចាំឆ្នាំ CATA លើកទី ៤០ ដែលអគ្គនាយកដ្ឋានពន្ធដារត្រូវបានអញ្ជើញជាភ្ញៀវពិសេសនៃសន្និសីទ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ បានជួបប្រជុំទ្វេភាគីជាមួយ លោក DATO SRI SABIN SAMITHA អគ្គនាយកនៃរដ្ឋបាលសារពើពន្ធម៉ាឡេស៊ី (Inland Revenue Board of Malaysia) ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជា និងរដ្ឋបាលសារពើពន្ធនៃប្រទេសម៉ាឡេស៊ី (Inland Revenue Board of Malaysia) ព្រមទាំងពិភាក្សាលើចក្ខុវិស័យ និងផែនការទិសដៅអនុវត្តបន្តនាពេលអនាគត របស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសអំពីបញ្ហានានាពាក់ព័ន្ធនឹងខ្លឹមសារនៃសន្និសីទលើ «វិធានការឆ្លើយតបនឹងសេដ្ឋកិច្ចស្រមោល និង ឌីជីថលភាវូបនីយកម្មក្នុងការប្រមូលចំណូលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (Addressing the Shadow Economy and Digitalization in Securing Revenue for Sustainable Development)»។
លោក DATO SRI SABIN SAMITHA បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលនៃកំណែទម្រង់ និងទំនើបកម្មពន្ធដារកម្ពុជា ដែលបានកែប្រែពន្ធដារកម្ពុជាទៅជារដ្ឋបាលសារពើពន្ធឌីជីថលមួយ។ ក្នុងបរិបទនៃកំណើននៃសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល (Digital Economy) ជំរុញឱ្យរដ្ឋបាលសារពើពន្ធទាំងអស់ត្រូវតែអភិវឌ្ឍ និងសម្របខ្លួនឱ្យកាន់តែស្វាហាប់បន្ថែមទៀត ក្នុងគោលដៅគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដែលតម្រូវឱ្យមាននូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Infrastructure) គាំទ្រពេញលេញ។
គួររំលឹកផងដែរថា ក្នុងការធ្វើកំណែទម្រង់ពន្ធដារ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជាបានទទួលការអនុញ្ញាត និងផ្តល់កិច្ចសហប្រតិបត្តការខ្ពស់ពីរដ្ឋបាលសារពើពន្ធនៃប្រទេសម៉ាឡេស៊ី ក្នុងការធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងរៀនសូត្រ ពីប្រព័ន្ធពន្ធដារ ប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មាន និងទំនើបកម្មរដ្ឋបាលសារពន្ធ។
តាមរយៈសិក្សាជាមួយរដ្ឋបាលសារពើពន្ធម៉ាឡេស៊ី រួមជាមួយនឹងការសិក្សាពីរដ្ឋបាលសារពើពន្ធនៃប្រទេសជាដៃគូរផ្សេងទៀតក្នុងក្របខណ្ឌ SGATAR អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានចាប់ផ្តើមរៀបចំដាក់ចេញនូវផែនការ និងអនុវត្តនូវកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងទំនើបកម្មពន្ធដារ ដែលឈានទៅសម្រេចបាននូវលទ្ធផលគួរជាទីមោទន ហើយរដ្ឋបាលសារពើពន្ធត្រូវបានទទួលស្គាល់ថាជារដ្ឋបាលសារពើពន្ធនៃឌីជីថលភាវូបនីយកម្ម។
ក្នុងឱកាសនោះដែរ លោក DATO SRI SABIN SAMITHA បានថ្លែងអំពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់អំពីកំណែទម្រង់ និងទំនើបកម្មពន្ធដារកម្ពុជា ដែលក្នុងរយៈពេលខ្លី ដែលបានកែប្រែពន្ធដារកម្ពុជាទៅជារដ្ឋបាលសារពើពន្ធឌីជីថលមួយ។
ក្នុងឱកាសនោះ តបតាមការអញ្ជើញរបស់លោក គង់ វិបុល លោក DATO SRI SABIN SAMITHA គ្រោងនឹងដឹកនាំគណៈប្រតិភូនៃរដ្ឋបាលសារពើពន្ធនៃប្រទេសម៉ាឡេស៊ី (Inland Revenue Board of Malaysia) ដើម្បីនឹងមកធ្វើទស្សនកិច្ចផ្លូវការនៅអគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជានាពេលវេលាសមស្របឆាប់ៗខាងមុខនេះ។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការពន្ធដារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេរភាគី, ក្របខណ្ឌក្រុមសិក្សាស្តីពី រដ្ឋបាល សារពើពន្ធ អាស៊ី និងការសិក្សាស្រាវជ្រាវ (Study Group on Asian Tax Administration and Research - SGATAR), ក៏ដូចជាវេទិកានានាផ្សេងទៀតជាអាទិក្របខណ្ឌ CATA នេះផងដែរ៕