(ភ្នំពេញ)៖ លោក សម រង្ស៉ី មេចលនាឧទ្ទាម មិនត្រូវបានអញ្ជើញដោយរដ្ឋសភារបស់ម៉េឡស៊ីទាំងមូល ដើម្បីពិភាក្សាការងារអ្វីនោះទេ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប៉ុន្តែមានតំណាងរាស្រ្តតែម្នាក់ប៉ុណ្ណោះ បានអញ្ជើញលោកដើម្បីជួបពិភាក្សាជាលក្ខណៈបុគ្គល។ នេះបើតាមយោងតាមលិខិតអញ្ជើញរបស់តំណាងរាស្រ្ត និងមន្រ្តីការទូតម៉ាឡេស៊ីមួយរូបបញ្ជាក់ប្រាប់នៅថ្ងៃនេះ។
ព័ត៌មាននេះខុសពីអ្វីដែលលោក សម រង្ស៉ី បានផ្សព្វផ្សាយថា លោកត្រូវបានរដ្ឋសភាម៉ាឡេស៊ីអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សាមួយ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីស្តារអ្វីដែលហៅថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោកបានទៅដល់ប្រទេសម៉ាឡេស៊ី។
មន្រ្តីការទូតដដែលរូបនោះបានបញ្ជាក់ថា លោក សម រង្ស៉ី គ្រាន់តែត្រូវបានតំណាងរាស្រ្តម្នាក់របស់ម៉ាឡេស៊ី អញ្ជើញទៅជួបជាលក្ខណៈបុគ្គលប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងរដ្ឋសភាទាំងមូលរបស់ម៉ាឡេស៊ីនោះទេ ហើយការជជែកនោះគឺធ្វើឡើងក្នុងបន្ទប់ផ្ទាល់ខ្លួនក្នុងសភាម៉ាឡេស៊ីរបស់តំណាងរាស្រ្តរូបនោះប៉ុណ្ណោះ។
ជាមួយនោះដែរម ន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់បន្ថែមថា ដោយឡែកជំនួបរបស់រវាងលោក សម រង្ស៉ី ជាមួយរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ក៏មិនមែនជាជំនួបក្នុងនាមរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីនោះទេ គ្រាន់តែជាជំនួបរវាងលោក សម រង្ស៉ី និងអគ្គលេខាធិការគណបក្សរបស់លោកតែប៉ុណ្ណោះ។
អ្នកវិភាគមួយរូបក៏បានលើកឡើងដែរថា បើក្នុងនាមរដ្ឋសភារបស់ម៉ាឡេស៊ីអញ្ជើញនោះ គឺមានតែប្រធានសភារបស់ម៉ាឡេស៊ី ជាអ្នកចេញលិខិតអញ្ជើញ លោក សម រង្ស៉ី មិនមែនតំណាងរាស្រ្តណាមួយអញ្ជើញនោះទេ។
សូមបញ្ជាក់ថា ក្រោយពេលបរាជ័យក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារតែលោក សម រង្ស៉ី មិនហ៊ានមកប្រទេសកម្ពុជា។ នាថ្មីៗនេះក៏មានតំណាងរាស្ត្រអូស្ត្រាលី អ្នកវិភាគសង្គម និងតំណាងសង្គមស៉ីវិល ចំនួន៤រូបផងដែរ បានចេញមុខរិះគន់យ៉ាងខ្លាំងក្លា ចំពោះលោក សម រង្ស៉ី ដែលមិនក្លាហានធ្វើអ្វីតាមការសន្យារបស់ខ្លួន៕