(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលទាមទារឱ្យមានការទម្លាក់ចោលបទចោទលើ លោក កឹម សុខា។
ជាមួយនឹងសេចក្តីថ្លែងការណ៍ប្រមាណ២ទំព័រនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានក្រើនរំលឹកថា អ្នករាយការណ៍ពិសេស ពុំមែនជាចៅក្រមដែលមានអំណាចកាត់សេចក្ដីឱ្យដោះលែងជនណាម្នាក់ឡើយ។
តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានបេសកកម្មកម្ពុជា សូមក្រើនរំឭកអ្នករាយការណ៍ពិសេសថា អាណត្តិរបស់អ្នករាយការណ៍ គឺជួយកម្ពុជា នៅក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃគោលការណ៍អព្យាក្រិត្យ មិនលម្អៀង សត្យានុម័ត មិនជ្រើសរើសតែមួយជ្រុង និងមិនបំផ្លែងទៅជារឿងនយោបាយ។ អ្នករាយការណ៍ពិសេស ពុំមែនជាចៅក្រមដែលមានអំណាចកាត់សេចក្ដីឱ្យដោះលែងជនណាម្នាក់ឡើយ»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា ខ្លួនត្រូវបានបន្តរំខានដោយ សេចក្តីថ្លែងការណ៍ព័ត៌មានមួយផ្សេងទៀត ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោកស្រីសាស្ត្រាចារ្យ Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលនៅតែបន្តទាមទារដោយគ្មានមូលដ្ឋាន សម្រាប់បុគ្គលដែលកំពុងមានជម្លោះផ្លូវច្បាប់ បើទោះជាមានការវិវឌ្ឍជាវិជ្ជមានក្តី។ ការទាមទាររបស់អ្នករាយការណ៍ពិសេសឱ្យតុលាការបញ្ចប់ការស៊ើបអង្កេតឱ្យបានឆាប់ ឬទម្លាក់បទចោទ មានន័យស្មើនឹងការជ្រៀតជ្រែកចូលក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។
តំណាងកម្ពុជា បានពន្យល់ថា នៅកម្ពុជា ការបែងចែកអំណាចដាច់ពីគ្នារវាងអំណាចនីតិប្រតិបត្តិនិងអំណាចតុលាការ ដែលជាស្ថាប័នឯករាជ្យ មានចែងក្នុងមាត្រា៥១ មាត្រា១២៨ និងមាត្រា១៣០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពបែបនេះ ពុំមានអំណោយផលរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ និងការអនុវត្តច្បាប់នៅកម្ពុជាឡើយ។
តំណាងកម្ពុជា បានបន្តថា ការកែសម្រួលលើលក្ខខណ្ឌមួយចំនួន នៃការត្រួតពិនិត្យរបស់តុលាការចំពោះ លោក កឹម សុខា គឺជាលទ្ធផលដែលកើតចេញពីការគោរពកាតព្វកិច្ចតុលាការនាពេលកន្លងមក និងឈរលើមូលដ្ឋានមនុស្សធម៌ពាក់ព័ន្ធនឹងស្ថានភាពសុខភាពរបស់គាត់។ ទោះជាយ៉ាងណា លោក កឹម សុខា នឹងត្រូវទទួលបានការជំនុំជម្រះប្រកបដោយភាពយុត្តិធម៌ បន្ទាប់ពីការស៊ើបអង្កេតត្រូវបានបញ្ចប់តាមនីតិវិធី។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ អ្នករាយការណ៍ពិសេស នៅតែបន្តធ្វើឱ្យមានការភាន់ច្រឡំពីត្រូវមកខុស។ ការថ្លែងសារនយោបាយ និងការបញ្ចេញមតិ ទៅលើកិច្ចការងារសាធារណៈ ជាមួយពាក្យជេរប្រមាថ ការញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សា ការប្រកាន់ជាតិសាសន៍ និងអំពាវនាវឱ្យមានការបះបោរ ប្រឆាំងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ពុំមានតម្លៃស្មើនឹងសេរីភាព បញ្ចេញមតិនិងយោបល់ឡើយ។ គ្រប់វិធានការច្បាប់ដែលអាជ្ញាធរកម្ពុជា បានអនុវត្តកន្លងមក គឺពុំមានពាក់ព័ន្ធនឹងហេតុផលនយោបាយទេ។ វិធានការទាំងនោះស្របទៅតាមកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងនយោបាយ (មាត្រា១៩) និងក្រមព្រហ្មទណ្ឌកម្ពុជា (មាត្រា៤៥១ និងមាត្រា៤៥៣) ។
នៅកម្ពុជា អ្នកបំពានច្បាប់នឹងត្រូវបានចោទប្រកាន់ និងកាត់ទោសតាមនីតិវិធី ដោយឈរលើមូលដ្ឋាននៃបទល្មើសប្រកបដោយភស្តុតាងរឹងមាំ ពុំមែនដោយសារតែជនល្មើស ស្ថិតក្នុងក្រុមណាមួយនោះឡើយ។ បទល្មើស គឺជាបទល្មើស ហើយមិនអាចប្រើជាទឡ្ហីករណ៍ សម្រាប់គោលបំណងផ្សេងណាមួយទៀតឡើយ។ ការអនុវត្តបែបនេះ គឺដូចគ្នានៅក្នុងសង្គមប្រជាធិបតេយ្យដទៃទៀត។ នេះបើតាម សេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ៖