(ភ្នំពេញ)៖ «សកម្មភាពសម្អាតអនាម័យបរិស្ថានដែលបងប្អូនជាយុវជនស្ម័គ្រចិត្ត បានចូលរួមធ្វើជាសកម្មភាពដ៏មានតម្លៃសម្រាប់ការអប់រំបរិស្ថាន និងការប្រតិបត្តិមេត្រីភាពបរិស្ថានល្អ ក៏ដូចជាការបញ្ជ្រាបចំណេះដឹង និងការគ្រប់គ្រងសំណល់រឹង សំរាមដល់សាធារណជន»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ចំពោះមុខក្រុមយុវជនស្ម័គ្រចិត្តជាច្រើនរយនាក់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយកម្លាំងចិត្តរបស់ខ្លួនក្នុង ចូលរួមសហការជាមួយកម្លាំងយុវជនស្ម័គ្រចិត្តជាច្រើនទៀត ក្នុងការសម្អាតអនាម័យបរិស្ថាន នៅក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក អំបុកក្នុងគោលបំណងធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញស្អាត និងមានបរិស្ថានល្អ។

បរិស្ថានស្អាតក្នុងរយៈពេល២ថ្ងៃកន្លងមកនេះដោយសារតែមានក្រុមអ្នកសម្អាតអនាម័យបរិស្ថានផ្ទាល់សកម្មខ្លាំង មានក្រុមយុវជនស្ម័គ្រចិត្តជាច្រើនចូលរួម និងការកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋទុកដាក់សំរាមបានត្រឹមត្រូវ ទុកដាក់ក្នុងធុងសំរាមដែលបានដាក់ពង្រាយនៅតាមទីតាំងនានា។

លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «សកម្មភាពរបស់ប្អូននឹងបន្សល់ទុកនូវការចងចាំសម្រាប់ពលរដ្ឋខ្មែរ បានបន្សល់នូវការគោរព ស្រឡាញ់បរិស្ថាន ក្នុងក្រអៅបេះដូងរបស់មនុស្សរាប់ម៉ឺនសែននាក់ដែលបានឃើញប្អូនៗសម្អាតអនាម័យបរិស្ថាន នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែអកអំបុក»។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់គ្រប់ស្ថាប័នទាំង អស់ជាពិសេសយុវជនស្ម័គ្រចិត្តដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ចូលរួមក្នុសកម្មភាពសម្អាតអនាម័យបរិស្ថាន។ អនាម័យបរិស្ថាននៅក្នុងបរិវេណនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប នៅក្នុងរយៈពេល២ថ្ងៃមកនេះ ត្រូវបានរដ្ឋលេខាធិការក្រសួងបរិស្ថានអះអាងថា សម្អាតបានយ៉ាងស្អាត មានបរិស្ថានល្អហើយប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមក្នុងទស្សនាក៏បានចូលរួមទុកដាក់សំរាមក្នុងធុងបានល្អដែរ។

សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកនៅឆ្នាំ ២០១៩ នេះ អ្នកសម្អាតនឹងប្រមូលសំរាមផ្ទាល់មានចំនួន៩០០ នាក់ដែលក្នុងនោះអ្នកប្រមូលសំរាមមកពីក្រុមហ៊ុន ECO AD មានចំនួន៨៦នាក់ ក្រុមហ៊ុនស៊ិនទ្រីមានចំនួន ៥១៤នាក់ មកពីមន្ទីរសាធារណៈការ ៣០០នាក់។
ចំណែក្រុមអប់រំផ្សព្វផ្សាយ និងចូលរួមសម្អាតអនាម័យបរិស្ថានមានចំនួន១១៣០នាក់ក្នុង នោះមានយុវជន ស.ស.យ.ក មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ មន្ទីរអប់រំយុវជននិងកីឡា ទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្លាំងសណ្ដាប់ធ្នាប់របស់រដ្ឋបាលខណ្ឌដូនពេញ យុវជនស្ម័គ្រចិត្តក្រៀលកម្ពុជាសហការជាមួយក្រសួងបរិស្ថាន។

សាលារាជធានីភ្នំពេញក៏បានដាក់ពង្រាយធុងសំ រាមនិងកញ្ឆេរជាង២០០០ នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទុកដាក់សំរាមរបស់ខ្លួន។

ក្នុងការចូលរួមសម្អាតអនាម័យបរិស្ថាន ក្រុមអ្នកសម្អាតផ្ទាល់ និងក្រុមអ្នកផ្សព្វផ្សាយបានចុះនៅតាមទិសដៅសំខាន់ៗក្នុងនោះ ទី១) ទីតាំងចាប់ពីរង្វង់មូលវត្តភ្នំ រហូតដល់មុខព្រះបរមរាជវាំង ទី២) ចាប់ពីសួនវត្តលង្ការហូតដល់ក្រសួងបរិស្ថាន ទី៣) ចាប់ពីរង្វង់មូលសម្ដេចសង្ឃជួនណាតរហូតដល់ព្រះបរមរាជវាំង ទី៤) ផ្នែកត្រើយខាងកើតស្ពានជ្រោយចង្វារដែលពិនិត្យ ចាប់ពីសួនច្បារព្រះនាងបញ្ញាបារមីទៅសណ្ឋាគារសុខា និងចាប់ពីសួនព្រះនាងប្រាជ្ញាបារមី ទៅកន្លែងកីឡាករអុំទូកស្នាក់នៅ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីកុំឱ្យសំរាមកកស្ទះ ក្រុមយុវជនស្ម័គ្រចិត្តមួយចំនួនបានដើរបារសំរាមពីធុង និងវេចខ្ទប់ទុកដាក់ត្រឹមត្រូវដើម្បីងាយស្រួលក្នុងការប្រមូលសំរាម។

ជាមួយគ្នានេះលោក នេត្រ ភក្ត្រា បានលើកទឹកចិត្តក្រុមយុវជនបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ជ្រាបចំណេះដឹងអំពីបរិស្ថាន ជាពិសសការគ្រប់គ្រងសំណល់សំរាម ដល់បងប្អូនប្រជាពលរដ្ឋដែលមកដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក។ រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានជំរុញឱ្យបងប្អូនប្រ
ជាពលរដ្ឋដែលចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក សូមទុកដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ កុំបោះសំរាមពាសវាលពាសកាល គឺត្រូវដាក់ក្នុងធុងសំរាម៕