(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន និងកំពុង អង្គុយទស្សនាការប្រណាំងទូកថ្ងៃចុងក្រោយ ប្រជាពលរដ្ឋ នៅមុខព្រះបរមរាជវាំង។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «នៅពេលនេះ ខ្ញុំកំពុងអង្គុយមើលការប្រណាំងទូក ជាមួយបងប្អូនប្រជាពលរដ្ឋនៅមុខព្រះបរមរាជវាំង នាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ប្រទេសមានសន្តិភាព ប្រជាពលរដ្ឋ សប្បាយរីករាយក្នុងពិធីបុណ្យ នៅទូទាំងប្រទេស»។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកទាំងអស់គ្នាផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី បាន និងកំពុងនាំគ្នាសម្រុកដើរលេងកម្សាន្ដ យ៉ាងសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែងប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី៣ នៃព្រះរាជពិធី។ ប្រជាពលរដ្ឋម្នាក់ៗ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ បន្ទាប់ពីពួកគាត់បានដើរលេងសប្បាយ ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់៕