(ភ្នំពេញ)៖ បន្ទាប់ពីបានជួបអគ្គរដ្ឋទូតជាបន្តបន្ទាប់ នៅរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នោះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបន្តជួបជាមួយ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត អូស្រ្តាលី ប្រចាំកម្ពុជា ក្នុងគេហដ្ឋានរបស់លោក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

ក្នុងជំនួបជាមួយអគ្គរដ្ឋទូតបារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក កន្លងទៅនេះ ភាគីទាំងអស់បានចែករំលែកបទពិសោធន៍ និងសួរសុខទុក្ខគ្នាទៅវិញទៅមក ដោយមិនបានពិភាក្សាអំពីបញ្ហានយោបាយ នោះឡើយ៕