(ភ្នំពេញ)៖ រហូតមកដល់ម៉ោង២រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី បាន និងកំពុងនាំគ្នាសម្រុកដើរលេងកម្សាន្ដ យ៉ាងសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែងប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី៣ នៃព្រះរាជពិធី។ ប្រជាពលរដ្ឋម្នាក់ៗ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ បន្ទាប់ពីពួកគាត់បានដើរលេងសប្បាយ ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់។
ដោយឡែក បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវបានធានាបានយ៉ាងល្អប្រសើរ គ្មានបាតុភាពណាមួយកើតឡើងនោះទេ បន្ទាប់ពីកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ត្រូវបានពង្រាយការពារយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ ដែលមកកម្សាន្ដសប្បាយក្នុងរាជធានីភ្នំពេញ ពិសេសម្ដុំព្រះបរមរាជវាំង និងតាមបណ្ដោយជួរមាត់ទន្លេ។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគោលដៅ A3 ឈរជើងការពារនៅមុខព្រះបរមរាជវាំង បានអះអាងថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋកាន់តែច្រើន កំពុងតែនាំគ្នាសម្រុកចូលមកដើរលេងកម្សាន្ដ ដែលចំនួននេះច្រើនជាងកាលពីថ្ងៃទី១ និងថ្ងៃទី២កន្លងទៅ។ ចំពោះសភាពការសន្ដិសុខ សណ្ដាប់ធ្នាប់វិញ លោកបានអះអាងថា មិនមានបាតុភាពអ្វីកើតឡើងនោះឡើយ ដោយសមត្ថកិច្ចជាច្រើនត្រូវ បានដាក់ពង្រាយដើម្បីការពារដដែល។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធសរុបជិត២ម៉ឺននាក់ ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩៕