(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃចុងក្រោយនៃព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ សូមអញ្ជើញមកលេងកម្សាន្តសប្បាយ ឲ្យបានច្រើនកុះករ កុំជឿលើពាក្យចចាមអារាម និងពាក្យប្រឌិត បំពុលសង្គម ដែលបង្កើតឡើងដោយជនអគតិមួយចំនួន ដោយរាជរដ្ឋាភិបាលសូមធានាជូននូវសន្តិសុខ មិនឲ្យមានអ្វីកើតឡើងឡើយ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការបំប៉ោងព័ត៌មានពីបញ្ហាសន្តិសុខ របស់ក្រុមបំពុលសង្គមមួយចំនួនតូច គឺជាបំណងមិនចង់ឃើញពីការរីកចម្រើន របស់ប្រទេសជាតិ។ ជាមួយសគ្នានេះ សម្តេចតេជោក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋ ជួបតែសេចក្តីសុខ និងបានសប្បាយរីករាយនៅក្នុងថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «សូមអញ្ជើញបងប្អូនជនរួមជាតិកំសាន្តសប្បាយ នៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកថ្ងៃនេះ។ ពិធីបុណ្យអុំទូកបានកន្លងផុតទៅអស់២ថ្ងៃហើយ សង្ឃឹមថាបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ព្រមទាំងទេសចរជាតិ និងអន្តរជាតិបានចូលរួមកំសាន្តសប្បាយទាំងអស់គ្នានៅទូទាំងប្រទេស។ ថ្ងៃទី ១២ វិច្ឆិកានេះ ជាថ្ងៃចុងក្រោយ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋនាំកូនចៅមកកំសាន្តសប្បាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកអោយបានច្រើនកុះករ។
ជាធម្មតាទៅហើយ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួន គឺលេចឮពាក្យចចាមអារាម និងពាក្យប្រឌិតភូតកុហកបោកប្រាស់ ដោយជនអគតិដែលមានបំណងបំពុល និងបំប៉ោងបញ្ហាសន្តិសុខសង្គម បំណងធ្វើអោយពលរដ្ឋភ័យខ្លាច។ រាជរដ្ឋាភិបាលសូមធានា ជូននូវសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋមិនឲ្យមានអ្វីកើតឡើងឡើយ ជាពិសេសក្នុងរដូវបុណ្យទាននេះតែម្តង។ សូមកុំជឿពាក្យភូតកុហក់ ដោយក្រុមបំពុលសង្គមមួយចំនួនតូច ដែលមិនចង់ឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ។ ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងបានសប្បាយរីករាយនៅក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ»។
សូមជម្រាបថា ក្នុងរយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី បាននាំគ្នាដើរលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ខណៈបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវបានធានាបានយ៉ាងល្អប្រសើរ គ្មានបាតុភាពណាមួយកើតឡើងនោះទេ៕