(ភ្នំពេញ)៖ រហូតមកដល់យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី បាននិងកំពុងនាំគ្នាដើរលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែងប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី២, ចំនួននេះហាក់កើនឡើងយ៉ាងខ្លាំងបើធៀបនឹងថ្ងៃម្សិលមិញ។ ប្រជាពលរដ្ឋម្នាក់ៗ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ បន្ទាប់ពីពួកគាត់បានដើរលេងសប្បាយ ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់។
ដោយឡែក បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវបានធានាបានយ៉ាងល្អប្រសើរ គ្មានបាតុភាពណាមួយកើតឡើងនោះទេ បន្ទាប់ពីកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ត្រូវបានពង្រាយការពារយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋដែលមកកម្សាន្ដសប្បាយក្នុងរាជធានីភ្នំពេញ ពិសេសម្ដុំព្រះបរមរាជវាំង និងតាមបណ្ដោយជួរមាត់ទន្លេ។
គួរជម្រាបថា តាមរយៈ Facebook, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាការប្រណាំងទូកង នៅមាត់ទន្លេឲ្យបានច្រើកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ និងទេសចរបរទេស មានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធសរុបជិត២ម៉ឺននាក់ ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩៕