(កណ្តាល)៖ ប្រជាពលរដ្ឋរាប់រយនាក់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចូលរួមទស្សនាកម្សាន្តការប្រណាំងទូក ត្រូវនឹងថ្ងៃទី២ ដែលត្រូវបានធ្វើឡើងនៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល យ៉ាងសប្បាយរីករាយបំផុត ខណៈសន្តិសុខមានដំណើរការយ៉ាងល្អប្រសើរ ក្រោមដំបូលសន្តិភាព នៃការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
កញ្ញា យុង ខេមរា អនុប្រធានគណៈពង្រឹង នៅឃុំស្អាងភ្នំ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី២នេះ មានប្រជាពលរដ្ឋរាប់ពាន់នាក់ បានអញ្ជើញចូលរួមទស្សនាការប្រណាំងទូក នៅក្នុងមូលដ្ឋាន ដោយភាពសប្បាយរីករាយ ជាទីបំផុត ហើយពួកគាត់បានលើកឡើងថា ពួកគាត់មិនខ្វល់ពីក្រុមឧទ្ទាមក្រៅច្បាប់អ្វីនោះទេ ពីព្រោះបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ រស់នៅយ៉ាងសុខសប្បាយ ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាពនយោបាយ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា។ មិនថានៅរាជធានីភ្នំពេញទេ ពិធីបុណ្យអុំទូកក៏ត្រូវបានធ្វើឡើង នៅតាមមូលដ្ឋាននានាទូទាំងប្រទេសផងដែរ ដោយប្រជាពលរដ្ឋចូលរួមយ៉ាងរីករាយ ពោលមិនខ្វល់ពីក្រុមឧទ្ទាម ដែលតែងតែចង់បង្កអសន្តិភាពចំពោះជាតិ។
ព្រះរាជពិធីបុណ្យអុំទូក មានតាំងពីបូរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល០៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប៕