(ភ្នំពេញ)៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ, មន្ទីរក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួម ពីតំណាងប្រទេស៦ប្រទេស នៃគម្រោងសុវត្ថិភាពទន្លេមេគង្គ តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ យុវជនកាកបាទក្រហម កាយរឹទ្ធិ វិស័យឯកជនគ្រឹះស្ថានហិរញ្ញវត្ថុ LOLC បានធ្វើសកម្មផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានលើកឡើងថា ដោយទទួលបានគាំទ្រពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រុមការងារសង្គមកិច្ច បានធ្វើការចែកជាបីក្រុម ដោយក្រុមទី១៖ បុគ្គលិក និងជនរងគ្រោះ ដោយសារគ្រឿងញៀន នៃមណ្ឌលឱកាសខ្ញុំ ចូលរួមសកម្មភាពផ្សព្វផ្សាយសារអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ឬបញ្ជូនសមាជិកគ្រួសារ ដែលរងគ្រោះដោយសារគ្រឿងញៀន ឲ្យទទួលយកសេវាព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមសហគមន៍, ក្រុមទី២៖ ចុះជួយប្រមូលជនងាយរងគ្រោះ ផ្តល់អាហារហូបចុក និងក្រុមទី៣៖ បំពេញសំណុំឯកសារស្វែងរកគ្រួសារ ជនងាយរងគ្រោះដើម្បីចប់ព្រះរាជពិធីបុណ្យ បញ្ជូនគាត់ឲ្យត្រឡប់ទៅផ្ទះវិញ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការបណ្តាក្រសួង ជាសមាជិក គណកម្មាធិកាត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត វិស័យឯកជន ធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋ តាមរយៈការដាក់តាំងបដារាប់រយ តាមទីតាំងសំខាន់ផ្លូវ ទៅកាន់រមណីយដ្ឋានកម្សាន្ដសប្បាយ និងច្រកចេញ-ចូលរាជធានី-ខេត្ត ផ្ញើរសារអប់រំតាមរយៈពិធីករ ទូរសព្ទដៃ ផ្ទាំងរូបភាព និងប័ណ្ណព័ត៌មានអប់រំ ពីបញ្ហាគ្រឿងញៀនច្រើនម៉ឺនសន្លឹក ចែកជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ លឹម តុងហួត បានបញ្ជាក់ថា ដោយឡែកនៅរាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយ គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ធ្វើសកម្មភាពផ្ទាល់ដើរជាក្បួនព្យុហយាត្រា ចែកប័ណ្ណព័ត៌មាន ផ្ទាំងរូបភាព ប្រឆាំងគ្រឿងញៀននៅមុខព្រះបរមរាជវាំង ទៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ប្រគុំតន្ត្រី សម្តែងរឿងអប់រំខ្លឺៗ ច្រៀងរាំលេងកម្សាន្ដ តាំងពិព៌រណ៍រូបភាព ប្រឆាំងគ្រឿងញៀន ឆ្លើយសំនួរយកវត្ថុអនុស្សាវរីយ៍នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និងចូលរួមផលិតបទយកការណ៍ពិសេស ពីសកម្មភាពបង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជំរុញអ្នកញៀនគ្រឿងញៀន ឲ្យទទួលយកសេវាផ្សាយតាមវិទ្យុ និងទូរទស្សន៍៕