(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់ នៅល្ងាចថ្ងៃទីទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នឹងយាងពន្លត់ភ្លើងជ័យ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃនៅក្នុងវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី០៩ ខែវិច្ឆិកាមកនោះ។
ក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យនេះ នឹងមានការយាង និងអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ រាជវង្សានុវង្ស និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស យ៉ាងច្រើនកុះករ។
មិនខុសពីឆ្នាំកន្លងទៅនោះទេ ព្រះរាជពិធីពន្លត់ភ្លើងជ័យ នឹងត្រូវពន្លត់ដោយព្រះករុណាព្រះបាទព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី នៅលើវិមានឯករាជ្យដែលអមព្រះរាជដំណើរដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចពញាចក្រី ហេង សំរិន សម្ដេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីអាណានិគមបារាំង។ តាមប្រវត្តិសាស្ត្រ បារាំងបានដាក់អាណានិគម គ្រប់គ្រងលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង ប្រកាសប្រគល់ឯករាជ្យពេញលេញដល់កម្ពុជាវិញ៕