(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ ក្រុមគ្រូពេទ្យដែលយាមប្រចាំការ កំពុងផ្តល់សេវាពិគ្រោះ និងពិនិត្យបញ្ហាសុខភាព ជូនបងប្អូនប្រជាពលរដ្ឋយើងបានយ៉ាងល្អប្រសើរ។
ក្នុងឱកាសព្រះរាជពិធីបុណ្យនេះ គេសង្កេតឃើញមានបណ្តាញក្រុមគ្រូពេទ្យទាំងអស់ បានដាក់យាមតាមគោលដៅនានាយ៉ាងច្រើនកន្លែង។ ក្នុងនោះផងដែរ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានរថយន្តសង្គ្រោះបន្ទាន់ មានកន្លែងសង្គ្រោះ ពិនិត្យ និងព្យាបាល នៅជាប់នឹងវេទិកាធំ របស់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែតែម្តង។
ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលកម្សាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក មិនទាន់មានបញ្ហាធ្ងន់ធ្ងរអី្វទេ គ្រាន់តែប្រជាពលរដ្ឋខ្លះ គាត់មានអាការៈចុកពោះ និងវិលមុខបន្តិចបន្តួចប៉ុណ្ណោះ។
លោកបញ្ជាក់បន្តថា «ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត កំពុងធ្វើសកម្មភាពមមាញឹក ដោយស្មារតីយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលអ្នកជំងឺ ពីក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតគ្រប់ជំនាញទាំងអស់»។
បើតាមថ្នាក់ដឹកនាំមន្ទីរ, បើទោះបីក្រុមគ្រូពេទ្យកំពុងមមាញឹកការងារពិនិត្យ និងព្យាបាលនៅក្នុងពិធីបុណ្យអុំទូក តែសម្រាប់ការបម្រើសេវានៅមន្ទីរពេទ្យវិញ ក៏នៅតែមមាញឹក និងមានការប្រុងប្រយ័ត្នខ្ពស់មិនមានការធ្វេសប្រហែសនោះឡើយ សម្រាប់អ្នកជំងឺទូទៅ។
សូមបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែត បានដាក់ប្រចាំការដើម្បីសង្គ្រោះ មាគោលដៅនៅជាប់វេទិកា ដែលមានថ្នាក់ដឹកនាំសំខាន់ៗនៅលើវេទិកា។ ក្នុងនោះក្រុមគ្រូពេទ្រ ក៏បានត្រៀមព្យាបាល និងជួយសង្គ្រោះកីឡាករណាដែលជួបបញ្ហាផ្សេងៗ ខណៈការផ្តល់សេវា ក៏មានភាពល្អប្រសើរផងដែរ។
Facebook មន្ទីរពេទ្យកាល់ម៉ែតក៏បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា សកម្មភាពដ៏មមាញឹកនៃការជួយសង្គ្រោះព្យាបាលអាយុជីវិត ជូនដល់បងប្អូនអ្នកជំងឺយើងពីគ្រប់ទិសទី ពីសំណាក់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា បុគ្គលិកជំនាញគ្រប់ផ្នែកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត អំឡុងពេលពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ប្រពៃណីជាតិខ្មែរ ក្នុងស្មារតីរីករាយស្រស់ថ្លា ស្រលាញ់ពេញចិត្ត ប្រកបដោយថាមពលឥតនឿយហត់ និងក្រោមការគាំទ្រលើកទឹកចិត្តពេញទំហឹងពីបងប្អូនប្រជាពលរដ្ឋយើងទាំងអស់។
ទាំងនេះគឺជាបេសកម្ម និងកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លាបំផុត ដែលមិនអាចកាត់ថ្លៃបាន។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានតាំងពីបូរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល០៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។ នៅឆ្នាំ២០១៩នេះ ព្រះរាជពិធីបុណ្យអុំទូក ដំណើរការទៅចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា៕