(ភ្នំពេញ)៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានចាប់ផ្ដើមហើយ ដោយមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីតាមបណ្ដាខេត្តផ្សេងៗ នាំគ្នាមកដើរលេងកម្សាន្ដនៅក្នុងរាជធានីភ្នំពេញ ពិសេសនៅម្ដុំមាត់ទន្លេ និងព្រះមរបរាជវាំង ដោយមិនមានការភ័យខ្លាច និងសប្បាយរីករាយក្រោមម្លប់សន្ដិភាព។ ក្រៅពីភ្ញៀវទេសចរជាតិ គេសង្កេតឃើញក៏មានភ្ញៀវទេសចរអន្ដរជាតិ ជាច្រើនផងដែរ។
ជាមួយគ្នានេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគោលដៅ A3 ជើងឈរការពារនៅមុខព្រះបរមរាជវាំង ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងដែរថា សម្រាប់គោលដៅរបស់សន្ដិសុខ សណ្ដាប់ធ្នាប់ត្រូវបានធានាយ៉ាងល្អប្រសើរ គ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ដោយឡែក ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានបាននិងកំពុងដើរកម្សាន្ដយ៉ាងសប្បាយរីករាយ។
ដោយឡែក សម្រាប់ស្ថានភាពសន្ដិសុខ ទូទៅទាំងមូល លោក សុខ ពេញវុធ ក៏បានមើលឃើញដែរថា មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ព្រោះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមានគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋដែលមកកម្សាន្ដសប្បាយក្នុងរាជធានីភ្នំពេញ ពិសេសម្ដុំព្រះបរមរាជវាំង និងតាមបណ្ដោយជួរមាត់ទន្លេ។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានថ្លែងសារអបអរសាទរ និងសម្តែងក្តីសប្បាយរីករាយក្រៃលែង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែថ្ងៃដំបូងនេះ។
សម្រាប់ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ ដែលយាម និងឈរជើងនៅគោលដៅតំបន់ A4 ក៏បានបញ្ជាក់ផងដែរថា សម្រាប់បញ្ហាសន្តិសុខ និងសន្តិសុខនៅតំបន់របស់លោក មានលក្ខណ:ល្អប្រសើរ ដោយប្រជាពលរដ្ឋជាច្រើនកុះករបានមកដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
តាមរយៈ Facebook, សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាការប្រណាំងទូកង នៅមាត់ទន្លេឲ្យបានច្រើកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ និងទេសចរបរទេស មានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។
គួរជម្របថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធសរុបជិត២ម៉ឺននាក់ ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩៕