(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះដែលត្រូវរំលាយដោយអំណាចតុលាការ បានអះអាងថា ជំនួបរវាងលោក កឹម សុខា និងលោកស្រី េអវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) រយៈពេលជិតពីរម៉ោង ត្រឹមតែសួរសុខទុក្ខគ្នាធម្មតា មិនមានជជែកលើបញ្ហាអ្វីផ្សេងនោះឡើយ។
លោក មុត ចន្ថា បានបញ្ជាក់នៅក្រោយជំនួបនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះទៀតថា ក្នុងជំនួបនោះលោក កឹម សុខា ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលបារាំងផងដែរ ដែលបានជួយធ្វើឱ្យប្រសើរឡើងនូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាដើម។
បើតាមលោក មុត ចន្ថា ជំនួបនាព្រឹកមិញនេះ មិនមានជជែកលើបញ្ហាផ្សេងនោះឡើយ។ លោកបានបញ្ជាក់ដូច្នេះ «គោលបំណងនៃការមកជួបរបស់គាត់នេះ គឺគ្រាន់តែមកសួរសុខទុក្ខរបស់គាត់ នៅពេលឯកឧត្តមមានការបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ មកសួរសុខទុក្ខធម្មតា ដែលគាត់ខានជួបជាមួយបេសកកម្មស្ថានទូតយូរមកហើយ»។
«ឯកឧត្តម កឹម សុខា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ក៏ដូចជាលោកស្រីឯកអគ្គរដ្ឋទូតដែលបានជួយប្រទេសកម្ពុជាដល់ដំណើរការប្រជាធិបតេយ្យ ក៏ដូចជាជួយដល់ការស្វែងរកសិទ្ធិសេរីភាព និងផ្តល់យុត្តិធម៌ដល់រូបលោក»។ លោក មុត ចន្ថា បញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា លោក កឹម សុខា នៅព្រឹកថ្ងៃនេះបានទទួលជួបលោកស្រី េអវ៉ា ង្វៀន ប៊ិញ ចូលសួរសុខទុក្ខរូបលោក បន្ទាប់សាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យរូបលោកអាចធ្វើដំណើរដើរពេញផ្ទៃប្រទេស។
សូមជំរាបថា នៅថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញនវ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើដំណើរនៅក្រៅផ្ទះ និងធ្វើដំណើរទៅកាន់ទីកន្លែងនានាទូទាំងប្រទេសកម្ពុជា។ តែបន្តភ្ជាប់ជាមួយលក្ខខណ្ឌដោយមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរទៅក្រៅប្រទេសបាននោះឡើយ ហើយក៏ត្រូវចូលបង្ហាញខ្លួនរាល់ពេលតុលាការកោះហៅ។
តាមការគ្រោងទុកនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក កឹម សុខា ក៏ទទួលជួបលោក ផាតទ្រីក មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីសួរសុខទុក្ខរូបលោកផងដែរ៕