(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងឲ្យដឹងថា ចាប់ពីពេលនេះទៅ អាជ្ញាធរមិនអនុញ្ញាតឲ្យព្រលែងសត្វគ្រប់ប្រភេទចូលទៅក្នុងកសិន្ធុប្រាសាទនានានៅរមណីយដ្ឋានអង្គរនោះឡើយ។
ក្នុងន័យសាសនា កសិន្ធុទឹកប្រាសាទត្រូវបានកសាងឡើងប្រដូចជាមហាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ ដែលមានប្រាសាទនានានៅកណ្តាលជាតំណាង។
ម្យ៉ាងវិញទៀត កសិន្ធុប្រាសាទដែលបានស្តាររួច ត្រូវបានបញ្ចូលទឹកជាប្រចាំ ដើម្បីរក្សាទឹកទុកក្នុងរដូវប្រាំង ក្នុងគោលបំណងទ្រទ្រង់រចនាសម្ព័ន្ធប្រាសាទទាំងមូលឱ្យបានរឹងមាំ។
ទន្ទឹមគ្នានេះដែរ ប្រាសាទក៏ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្តិតយករូបភាពអនុស្សាវរីយ៍ ហើយក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា តែងតែមកបំពេញការងារសម្អាតវារីជាតិជាប្រចាំ។
ក្នុងន័យនេះ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងសាធារណជនទាំងអស់ មេត្តាកុំយកសត្វគ្រប់ប្រភេទទៅព្រលែងចូលក្នុងកសិន្ធុប្រាសាទជាដាច់ខាត៕