(ភ្នំពេញ)៖ ក្រោយ សម រង្ស៉ី បោកប្រាស់មិនវិលចូលស្រុកហើយនោះ លោក ឃុត ចិន្តា អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងជាបេក្ខភាពមេភូមិត្រពាំងគល់ បានចេញមកសារភាព និងបានស្ម័គ្រចិត្តចូលរួមរស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមបរិយាកាសសន្តិភាព និងការអភិវឌ្ឍ។
លោក ឃុត ចិន្តា បានលើកឡើងថា ដោយមើលឃើញការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជនពិតប្រាកដ និងបានខិតខំដឹកនាំប្រទេសពីបាតដៃទទេ រហូតប្រទេសមានសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសទាក់ទាញវិនិយោគពីបរទេស បង្កើត និងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា។
លោកក៏បានអំពាវនាវដល់សកម្មជនអតីតគណបក្ស សង្គ្រោះជាតិផ្សេងៗទៀត ឈប់ចាញ់បោកពួកឧទ្ទាមសម រង្ស៊ី និងសូមមកចូលរួមរស់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដើម្បីចូលរួមថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។
ផ្ទុយពីឧទ្ទាមសម រង្ស៊ី និងបក្ខពួក ដែលបានរំលោភរដ្ឋធម្មនុញ្ញ ដោយប្រកាសជាសាធារណៈប្រមាថអង្គ ព្រះមហាក្សត្រ បង្កើតចលនាឧទ្ទាមខុសច្បាប់ និងអំពាវនាវឲ្យកងទ័ពបែរចុងកាណុង ដាក់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោត ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា៕