(កណ្តាល)៖ ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចូលរួមទស្សនាកម្សាន្តការប្រណាំងទូក ដែលត្រូវបានធ្វើឡើងនៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល យ៉ាងសប្បាយរីករាយបំផុត ខណៈសន្តិសុខមានដំណើរការយ៉ាងល្អប្រសើរ ក្រោមដំបូលសន្តិភាព នៃការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក អ៊ាវ ចំរើន ប្រធានគណៈពង្រឹង នៅឃុំស្អាងភ្នំ ព្រមទាំងអនុប្រធានគណៈពង្រឹង និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាជាច្រើននាក់ បានដឹកនាំកម្មវិធីប្រណាំងទូក ដ៏អធិកអធមមួយនេះ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា។ មិនថានៅរាជធានីភ្នំពេញទេ ពិធីបុណ្យអុំទូកក៏ត្រូវបានធ្វើឡើង នៅតាមមូលដ្ឋាននានាទូទាំងប្រទេសផងដែរ ដោយប្រជាពលរដ្ឋចូលរួមយ៉ាងរីករាយ ពោលមិនខ្វល់ពីក្រុមឧទ្ទាម ដែលតែងតែចង់បង្កអសន្តិភាពចំពោះជាតិ។
ព្រះរាជពិធីបុណ្យអុំទូក មានតាំងពីបូរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល០៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប៕