(ភ្នំពេញ)៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានចាប់ផ្ដើមហើយ ដោយមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីតាមបណ្ដាខេត្តផ្សេងៗ នាំគ្នាមកដើរលេងកម្សាន្ដនៅក្នុងរាជធានីភ្នំពេញ ពិសេសនៅម្ដុំមាត់ទន្លេ និងព្រះមរបរាជវាំង ដោយមិនមានការភ័យខ្លាច និងសប្បាយរីករាយក្រោមម្លប់សន្ដិភាព។ ក្រៅពីភ្ញៀវទេសចរជាតិ គេសង្កេតឃើញក៏មានភ្ញៀវទេសចរអន្ដរជាតិ ជាច្រើនផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងសារអបអរសាទរ និងសម្តែងក្តីសប្បាយរីករាយក្រៃលែង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែថ្ងៃដំបូងនេះ។
តាមរយៈ Facebook, សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាការប្រណាំងទូកង នៅមាត់ទន្លេឲ្យបានច្រើកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ និងទេសចរបរទេស មានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។
គួរជម្របថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធសរុបជិត២ម៉ឺននាក់ ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩៕