(ភ្នំពេញ)៖ បន្ទាប់ពីទំព័រនយោបាយលោក សម រង្ស៊ី បានបិទវាំងននត្រឹមថ្ងៃទី៩ វិច្ឆិកា ទំព័រនយោបាយលោក កឹម សុខា ស្រាប់តែបានបើកឡើងជាថ្មី។ ទោះជាក្នុងហេតុផលណាមួយក៏ដោយ ក៏ព្រឹត្តិការណ៍នេះគឺជាភាពអនុគ្រោះឬជាអំណោយផលមួយសម្រាប់ឆាកនយោបាយកម្ពុជា ជាពិសេសសម្រាប់ជីវិតនយោបាយបក្សប្រឆាំង។
ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី បានធ្វើនយោបាយអត្តឃាត មកបញ្ចប់ជីវិតនយោបាយរបស់ខ្លួននៅថ្ងៃ៩ វិច្ឆិកា ចំណែកលោក កឹម សុខា ឯណោះវិញដែលនៅ ស្ងៀមស្ងាត់ តែប្រកាន់គោលការណ៍អហិង្សាបែរជាទទួលផលគួរជាទីពេញចិត្ត។ ខ្ញុំអាចនិយាយបានថា លោក កឹម សុខា ពិតជា «ដេកផ្ទះ ឈ្នះឯង» មែន។
ហេតុអ្វីទំព័រនយោបាយលោក សម រង្ស៊ី ត្រូវបិទត្រឹមថ្ងៃទី ៩ វិច្ឆិកា?
មានហេតុផលមិនអាចប្រកែកបាន និងស្រួលយល់បំផុតដែលគ្រប់គ្នាបានដឹង។ ក្រឡេកមើលទៅការសន្យារបស់លោក សម រង្ស៊ី និងលទ្ធផលជាក់ស្តែង គេនឹងយល់យ៉ាងច្បាស់ដោយមិនចាំបាច់ពិចារណា។ នរណាក៏បានដឹងនិងបានលឺពេញត្រចៀកដែរថា លោក សម រង្ស៊ី បានប្រកាសពេញៗមាត់ ជាញឹកញាប់ថា នឹងចូលមកចាប់លោក ហ៊ុន សែន នៅថ្ងៃទី ៩ វិច្ឆិកា។ សម រង្ស៊ី អះអាងថា នឹងដឹកនាំក្បួនចលនាមហាជនរាប់លាននាក់ចេញពីប្រទេសថៃ ហើយទោះជាមានការរារាំងយ៉ាងណាក៏លោក សម រង្ស៊ី ខ្លួនឯងនឹងត្រូវតែមកផ្ទាល់ដល់ច្រកប៉ោយប៉ែតតាមការសន្យា ដើម្បីដឹកនាំអ្នកគាំទ្រដើរចូល ទៅក្នុងប្រទេសកម្ពុជាឲ្យបាន។
ផែនការផ្តាច់ព្រ័ត្រ ៩ វិច្ឆិការបស់ សម រង្ស៊ី គឺនឹងធ្វើឲ្យមនុស្សងើបឡើងទូទាំងប្រទេសហើយទៅព័ទ្ធទីស្នាក់ការប៉ូលិស និងការិយាល័យរដ្ឋបាលនានាដោយមិនឲ្យអាជ្ញាធរបង្ក្រាបបានឡើយ។ បន្ទាប់មកគឺត្រូវបណ្តេញនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញពីប្រទេស។ សម រង្ស៊ី ថា គាត់នឹងបង្កើតជារលកយក្សស៊ូណាមិ នៅកម្ពុជា នាថ្ងៃទី៩ វិច្ឆិកាឲ្យធំជាងស៊ូណាមិ នៅប្រទេសជប៉ុនទៅទៀត ហើយទោះជាសមត្ថកិច្ចប្រើកម្លាំងប៉ុណ្ណា ក៏មិនអាចទប់បានដែរ។ លោក សម រង្ស៊ី រំពឹងទៀតថា កងកម្លាំងប្រដាប់អាវុធនឹងលែងស្តាប់បញ្ជានាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបែរចុងកាណុងទៅរករដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ..។
ស្តាប់ផែនការរបស់លោក សម រង្ស៊ី គឺធំសម្បើមអស្ចារ្យណាស់ ប៉ុន្តែសាច់ការជាក់ស្តែងវិញគឺសូន្យ។ ៩ វិច្ឆិកា បានកន្លងផុតទៅហើយ កុំថាឡើយរលកយក្សស៊ូណាមិ សូម្បីរលកក្នុងកែវទឹកក៏គ្មានដែរ។ ផ្ទុយទៅវិញទឹកស្ងប់ល្អជាងថ្ងៃធម្មតាទៅទៀត។ នេះជាភាពអាម៉ាស់ដ៏ធំធេងក្នុងប្រវត្តិនយោបាយរបស់លោក សម រង្ស៊ី ដែលយកល្អ លោក សម រង្ស៊ី គួរប្រកាសលាឈប់ពីនយោបាយដោយខ្លួនឯងក្រែង នៅសល់កិត្តិយសខ្លះទុកសម្រាប់វ័យចាស់ជរារបស់ខ្លួន និងអ្នកគាំទ្រជំនាន់ក្រោយបានឃើញជាជាងត្រូវគេធីបចោល។
នេះមិនមែនជាលើកទី១ទេ ដែល លោក សម រង្ស៊ី ដាក់ផែនការ ឬសន្យាហើយមិនមក។ គេនៅចាំបានថា កាលពីឆ្នាំ២០១៥ ក៏ សម រង្ស៊ី ធ្លាប់សន្យាចូលស្រុកដែរ។ ឆ្នាំ ២០១៧ ក៏សន្យាហើយឆ្នាំ ២០១៨ ក៏សន្យា គឺសន្យាចូលក្នុងប្រទេសវិញមុនការបោះឆ្នោតខែកក្កដា។ រហូតដល់ឆ្នាំ ២០១៩ សម រង្ស៊ី សន្យាទៀតថា នឹងចូលនៅមុនខែមីនា បន្ទាប់មកនៅចុងខែកញ្ញា ប៉ុន្តែគ្មានការសន្យាណាមួយត្រូវបានធ្វើនោះឡើយ។ នេះនៅមិនទាន់រាប់ការសន្យាមិនចូលសភា កាលពីក្រោយបោះឆ្នោតឆ្នាំ ២០១៣ និងការបរាជ័យនៃផែនការ «យុទ្ធនាការដេកផ្ទះឈ្នះឯង» កាលពីមុនបោះឆ្នោតឆ្នាំ ២០១៨ ផងទេ។
និយាយជារួម សម រង្ស៊ី ទទួលបរាជ័យជាដរាបក្នុងឆាកនយោបាយរបស់ខ្លួន ពីព្រោះតែគាត់ជាមនុស្សក្បត់ពាក្យសន្យា និងកំសាក គ្មានសមត្ថភាព គ្មានយុទ្ធសាស្ត្រ ខ្វះភាពជាអ្នកដឹកនាំ។
ឥឡូវនេះសម រង្ស៊ី ជាមនុស្សដែលមានទោសពេញខ្លួន ហើយថែមទាំងបានបិទផ្លូវខ្លួនឯងដោយការជេរប្រមាថព្រះមហាក្សត្រ និងការប្រកាសចូលមកចាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបុគ្គលគន្លឹះតែមួយគត់ក្នុងការស្នើសុំលើកលែងទោសឲ្យ លោក សម រង្ស៊ី។ ហេតុផលទាំងអស់នេះ គឺគ្រប់គ្រាន់ឬលើសពីគ្រប់គ្រាន់ពេកទៅទៀតសម្រាប់បិទទំព័រនយោបាយលោក សម រង្ស៊ី ត្រឹមនេះ។
ប៉ុន្តែជាសំណាងល្អសម្រាប់បក្សប្រឆាំងពីព្រោះស្របពេលដែលទំព័រនយោបាយ សម រង្ស៊ី បានបិទវាំងនន ស្រាប់តែទំព័រនយោបាយលោក កឹម សុខា បានបើកជាថ្មី។ លោក កឹម សុខា ត្រូវគេមើលឃើញថា ជាអ្នកនយោបាយដែលមានភាពចាស់ទុំ និងមានគោលការណ៍ច្បាស់លាស់ ព្រមទាំងមានសេចក្តីក្លាហានហ៊ានទទួលខុសត្រូវ ដែលខុសស្រឡះពី លោក សម រង្ស៊ី ។ រីឯអ្នកគាំទ្រលោក កឹម សុខា ទៀតសោតក៏ជាមនុស្សចាស់ទុំ អត់ធ្មត់ និងមានគោលការណ៍ និងមានវិន័យ ហើយយល់កាលៈទេសៈជាងអ្នកគាំទ្រលោក សម រង្ស៊ី ដែរ។
ជាក់ស្តែងក្នុងផែនការរដ្ឋប្រហារ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី ភាគីខាងលោក កឹម សុខា យល់ច្បាស់ណាស់ថា ផែនការលោក សម រង្ស៊ី នឹងនាំក្តីវិនាសដល់ជីវិត នយោបាយរបស់ខ្លួនជាក់ជាមិនខាន។ ហេតុដូច្នេះហើយបានជាពួកគេសម្រេចមិនគាំទ្រ និងមិនចូលរួមជាមួយលោក សម រង្ស៊ី ឡើយ។ ឥឡូវនេះ ភស្តុតាងបានបង្ហាញច្បាស់ហើយគឺអ្វីដែលក្រុមលោក កឹម សុខា បានគិតគឺពិតជាត្រឹមត្រូវ។
ដូច្នេះពីពេលនេះតទៅ មានតែក្រុមលោក កឹម សុខា ទេដែល នឹងលេចមុខលេចមាត់ក្នុងឆាកនយោបាយកម្ពុជា។ទោះជាយ៉ាងណា លោក កឹម សុខា និងក្រុមអ្នកគាំទ្ររបស់ខ្លួនអាចជួបប្រទះនឹងការលាបពណ៌ពីសំណាក់ក្រុមលោក សម រង្ស៊ី។ ដូចជាយើងបានដឹងគ្រប់គ្នាថា ការបន្ធូរ បន្ថយលក្ខ័ណ្ឌត្រួតពិនិត្យ តាមផ្លូវតុលាការចំពោះលោក កឹម សុខា ពិតជាមិនមែនជាការចង់បាន របស់លោក សម រង្ស៊ីនោះឡើយព្រោះកន្លងមក លោក សម រង្ស៊ី តែងព្យាយាមជាន់ពន្លិចលោក កឹម សុខា និងប្រាថ្នាចង់ឲ្យលោក កឹម សុខា ជាប់ឃុំឃាំងឲ្យបានយូរតាម ដែលអាចធ្វើបានដើម្បីខ្លួនមានឱកាសដណ្តើមអំណាច អតីតបក្សសង្គ្រោះជាតិមកកាន់កាប់វិញ។
លោក សម រង្ស៊ី ធ្លាប់បានប្រកាសយកសេរីភាពលោក កឹម សុខា ទៅភ្នាល់ជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាចេតនាច្បាស់ក្រឡែតក្នុងការារាំងមិនឲ្យមានការដោះលែងលោក កឹម សុខា។ ក្រុមលោក សម រង្ស៊ី តែងតែបន្តុះបង្អាប់លោក កឹម សុខា ថាជាការជាប់គុកសិប្បនិម្មិតនិងក៏ធ្លាប់និយាយថា បើ កឹម សុខា ឲ្យសញ្ញាទៅនាយករដ្ឋមន្រ្តី ហ៊ុន សែន តែបន្តិចថាបែកពី សម រង្ស៊ី នឹងត្រូវគេដោះលែងហើយ។ ការនិយាយបែបនេះគឺជារបៀបចងក្រឡាទុកជាមុន របស់លោក សម រង្ស៊ី សម្រាប់វាយប្រហារទៅលើលោក កឹម សុខា នៅពេលមានសិទ្ធសេរីភាពឡើងវីញ។
ឥឡូវនេះពេលវេលាបានមកដល់ហើយ។ លោក កឹម សុខា ត្រូវបានតុលាការបន្ធូរបន្ថយលក្ខណ្ឌឲ្យលោកមានសេរីភាពដើរហើរទូទាំងប្រទេស និងជួបភ្ញៀវបរទេសជាធម្មតានៅក្នុងប្រទេស។
ដូច្នេះពីពេលនេះទៅក្រុម «ឆ្កែកាច» របស់លោក សម រង្ស៊ី នឹងព្រួតគ្នាខាំលោក កឹម សុខា និងអ្នកគាំទ្រលោក កឹម សុខា ជាក់ជាមិនខាន។ ប៉ុន្តែវាមិនមែនជារឿងចម្លែកទេ ពីព្រោះការលាបពណ៌បានកើតមានរួចទៅហើយ។ អ្វីដែលសំខាន់គឺលោក កឹម សុខា និងអ្នកគាំទ្ររបស់ខ្លួនត្រូវដើរទៅមុខដោយប្រកាន់គោលការណ៍ច្បាស់លាស់របស់ខ្លួនដែលមានកន្លងទៅគឺគោលការណ៍អហិង្សា ផ្សះផ្សារជាតិ និងមិនយកខ្មែរណាជាសត្រូវដោយមិនត្រូវដើរតាមគន្លងលោក សម រង្ស៊ី ដែលតែងតែយកគោលការណ៍ហឹង្សានិយម និងការបំបែកបំបាក់ជាតិ ជាពិសេសគំនុំសងសឹកគ្រួសារខ្លួនជាត្រីមុខនោះឡើយ។
សរុបមកវីញទំព័រនយោបាយ សម រង្ស៊ី ត្រូវបានបិទបញ្ចប់ត្រឹមថ្ងៃទី៩ វិច្ឆិកា ហើយទំព័រនយោបាយ កឹម សុខា ក៏ទំនងជាបានផ្តើមបើកដែរ ! នេះបានចំជា «កឹម សុខា ដេកផ្ទះ ឈ្នះឯង មែន»។
ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យខេត្តកំពង់ចាម