(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះតុលាការបានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌ មួយចំនួនទាក់ទងនឹងកាតព្វកិច្ចដាក់ក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការលើជនត្រូវចោទឈ្មោះ កឹម សុខា ពោលគឺលោក កឹម សុខា អាចធ្វើដំណើរដោយសេរីនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅតែមិនអាចធ្វើសកម្មភាពនយោបាយ។
ការសម្រេចបន្ធូរបន្ថយនេះ ត្រូវបានមហាជនមើលឃើញថា ជាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្នុងរង្វង់នៃការអនុវត្តសិទ្ធិសេរីភាពបានទូលាយជាងមុន ហើយអនុញ្ញាតឲ្យ កឹម សុខា អាចទៅរកសេវាព្យាបាលជំងឺនៅទូទាំងប្រទេសបាន។ សម្រាប់អ្នកតាមដានសភាពការណ៍នយោបាយកម្ពុជា ការសម្រេចរបស់តុលាការនាពេលនេះ គឺធ្វើឡើងស្របពេលដែល សម រង្ស៉ី បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី ០៩/១១ កាលពីម្ស៉ិលម៉ិញ។
បរាជ័យរបស់ សម រង្ស៉ី ក្នុងការអនុវត្តផែនការបង្កចលាចលកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ជាពិសេសការប្រើឧបាយកលនយោបាយបោកបញ្ឆោតរុញអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនឲ្យមានគ្រោះថ្នាក់ដើម្បីធ្វើជាឈ្នាន់នយោបាយនេះ មិនត្រឹមធ្វើឲ្យ សម រង្ស៉ី បាត់បង់ជំនឿទុកចិត្តពីខាងក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានធ្វើឲ្យ សម រង្ស៉ី មិនអាចធ្វើសំពាធណាមួយលើគណបក្សប្រជាជនកម្ពុជា ដើម្បីរកដំណោះស្រាយនយោបាយសម្រាប់ខ្លួនគាត់ និងក្រុមជ្រុលនិយមគាត់ឡើយ។
ប៉ុន្តែផ្ទុយទៅវិញ កឹម សុខា ដែលបានសំងំនៅស្ងៀម ហើយអំពាវនាវកម្លាំងរបស់គាត់ កុំឲ្យគាំទ្រនិងចូលរួមក្នុងផែនការជ្រុលនិយម និងហិង្សានិយមរបស់ សម រង្ស៉ី កន្លងមក បែរជាអាចរកបានជំហានជាវិជ្ជមានសម្រាប់ខ្លួនគាត់ ដែលអ្នកវិភាគនយោបាយមើលឃើញថា ជាច្រកនៃដំណោះស្រាយនយោបាយសម្រាប់ក្រុមគាត់ និងសម្រាប់ធ្វើការរួមគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាសេណារីយ៉ូនយោបាយអនាគតដ៏ប្រាកដប្រជាមួយទៅថ្ងៃក្រោយ។
អ្នកវិភាគបានមើលឃើញថា ការចេញនៅក្រៅឃុំបណ្តោះអាសន្នរបស់ប្រធានអតីតគណបក្សសង្រ្គោះជាតិរូបនេះ ក៏ជាការទន្ទឹងរង់ចាំ និងជាក្តីសង្ឃឹមនយោបាយផងដែរ របស់សកម្មជនក្រុមប្រឆាំងក្នុងស្រុក ក៏ដូចជាមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដូចជា លោក អ៊ូ ច័ន្ទរ័ត្ន, លោក មាជ សុវណ្ណារ៉ា ជាដើម។ ដូចនេះតើមានអ្វីដែលជាការស៊ុគ្រលំនយោបាយរវាង កឹម សុខា និងគណបក្សប្រជាជនកម្ពុជា នៅពីក្រោយជំហានជាវិជ្ជមានឈាន ទៅរកដំណោះស្រាយនយោបាយនាពេលអនាគត?
ដោយ៖ អត្តាធីន
អ្នកស្រុកកំចាយមារ ខេត្តព្រៃវែង